ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសឥណ្ឌូនេស៊ី ដើម្បីរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដែលមានគុណភាពខ្ពស់ ធានាបាននូវប្រតិបត្តិការប្រកបដោយនិរន្តរភាពនៃផ្លូវរថភ្លើងល្បឿនលឿនហ្សារកាតា-បានឌុង (Jakarta-Bandung) និងបង្កើតកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងដល់ប្រជាជននៃប្រទេសទាំងពីរ។ លោក ស៊ី បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo)។
លោក ស៊ី បាននិយាយថា ក្នុងអំឡុងពេល ១០ឆ្នាំរបស់លោកជាប្រធានាធិបតីឥណ្ឌូនេស៊ី លោក វីដូដូ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនចំនួន ៨ដង និងបានជួបជាមួយលោក ស៊ី ចំនួន ១២ដង ដែលនាំឱ្យប្រទេសទាំងពីរបើកទំព័រថ្មីមួយក្នុងការរួមគ្នាកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា ក៏ដូចជាការកសាងគំរូថ្មីនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោក ស៊ី បានមានប្រសាសន៍ថា ប្រទេសចិនវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់លោក វីដូដូ ក្នុងទំនាក់ទំនងមិត្តភាពចិន-ឥណ្ឌូនេស៊ី។ លោកបានបន្ថែមថា លោកជឿថារដ្ឋាភិបាលថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីនឹងបន្តគោលនយោបាយមិត្តភាពរបស់ខ្លួនចំពោះប្រទេសចិន និងជំរុញការកសាងសហគមន៍ចិន-ឥណ្ឌូនេស៊ី ជាមួយនឹងអនាគតរួមគ្នាមួយក្នុងកម្រិតកំពូល។
ដោយកត់សម្គាល់ថា នៅឆ្នាំក្រោយគឺជាខួបលើកទី៧០ នៃសន្និសិទទីក្រុងបានឌុង លោក ស៊ី បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសឥណ្ឌូនេស៊ី ដើម្បីអនុវត្តន៍គោលការណ៍ទាំង ៥នៃការរួមរស់ដោយសន្តិភាព និងស្មារតី ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសសកលភាគខាងត្បូង ការពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ និងជំរុញការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ឱ្យមានភាពរុងរឿង និងស្ថិរភាព។
ចំណែកឯ លោក វីដូដូ បាននិយាយថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ លោកបានពង្រឹងទំនាក់ទំនងមិត្តភាពយ៉ាងស៊ីជម្រៅជាមួយប្រធានាធិបតីលោក ស៊ី ដែលនាំឱ្យមានសមិទ្ធិផលសំខាន់ៗក្នុងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗ។
លោកបានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី ដោយលោកបានកត់សម្គាល់ថា ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung បានក្លាយជាគំរូមួយសម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវរវាងភាគីទាំងពីរ៕