មេដឹកនាំ​ប៉ាឡេស្ទីន ​លោក អាប់បាស់ នឹង​ធ្វើ​ទស្សនកិច្ចទៅកាន់​រុស្ស៊ី​នៅ​ថ្ងៃ​ទី១២-១៤ ខែ​សីហា

0

បរទេស៖ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅរុស្ស៊ី លោក អាប់ឌែល ហាហ្វីហ្ស ណូហ្វាល់ (Abdel Hafiz Nofal) បានប្រាប់សារព័ត៌មានតាសស៍ (TASS) ថា ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាប់បាស់ (Mahmoud Abbas) នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូនៅថ្ងៃទី១២-១៤ ខែសីហានេះ ដែលលោករំពឹងថានឹងជួបជាមួយមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នៅថ្ងៃទី១៣ ខែសីហា។

អ្នកការទូតរូបនោះបានបញ្ជាក់ថា «លោកប្រធានាធិបតីនឹងមកដល់នៅថ្ងៃទី១២ ខែសីហា នៅពេលរសៀល ដែលត្រូវបានគេរំពឹងថានឹងជួបជាមួយលោកប្រធានាធិបតី ពូទីន នៅថ្ងៃអង្គារ ដោយនៅមុនពេលនោះ លោក ម៉ាមូដ អាប់បាស់ នឹងទៅអញ្ជើញដាក់កម្រងផ្កានៅផ្នូររបស់កងទាហាននៅក្នុងទីក្រុងមូស្គូ។ លោកប្រធានាធិបតីនឹងស្ថិតនៅក្នុងប្រទេសរុស្ស៊ីរហូតដល់ថ្ងៃទី១៤ ខែសីហា។ ជាការពិតណាស់ នឹងមានជំនួបជាមួយបណ្តាឯកអគ្គរដ្ឋទូតនៃបណ្តាលប្រទេសនៅអារ៉ាប់»។

យោងតាមលោកឯកអគ្គរដ្ឋទូតបានឱ្យដឹងថា ប្រធានបទសំខាន់នៃការពិភាក្សានោះ គឺជាជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល។

លោក ណូហ្វាល់ បានកត់សម្គាល់ថា «ស្ថានភាពនៅតំបន់ហ្គាហ្សា [នឹងស្ថិតក្នុងរបៀបវារៈដែរ] ដោយពួកគេនឹងពិភាក្សាអំពីតួនាទីរបស់រុស្ស៊ី និងអ្វីដែលអាចធ្វើបាន។ យើងស្ថិតក្នុងស្ថានភាពលំបាកខ្លាំង ហើយរុស្ស៊ីជាប្រទេសដែលនៅជិតយើង។ យើងត្រូវពិគ្រោះយោបល់»។

ការកើនឡើងនៃភាពតានតឹងមួយទៀតនៅមជ្ឈិមបូព៌ា បានធ្វើឡើងបន្ទាប់ពីមានការសម្លាប់យ៉ាងឃោរឃៅទៅលើប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាសើ លោក អ៊ីស្មែល ហានីយេហ៍ (Ismail Haniyeh) ក្នុងទីក្រុងតេអេរ៉ង់ និងការសម្លាប់មេទ័ពកំពូលរបស់ក្រុមហេសបូឡា លោក ហ្វូអាដ ស្ស៊ុក (Fuad Shukr) នៅក្នុងទីក្រុងបេរុត។ អ៊ីរ៉ង់ ក្រុហាម៉ាស់ និងក្រុមហេសបូឡា បានចាត់ទុកអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវលើករណីខាងលើនេះ ហើយបានអះអាងថា ការវាយប្រហារនឹងត្រូវបានធ្វើឡើងជាការឆ្លើយតបដោយការសងសឹក។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក មីឃែល បូកដាណូវ (Mikhail Bogdanov) មិនបានច្រានចោលថា ការធ្វើឃាតលោក ហានីយេហ៍ អាចប៉ះពាល់ដល់កិច្ចពិភាក្សាជាមួយអ៊ីស្រាអែលជុំវិញការដោះដូរអ្នកទោសនៅតំបន់ហ្គាហ្សានោះទេ៕