លោក ចន ស្វីននេយ នឹងក្លាយជារដ្ឋមន្ត្រីថ្មីរបស់ស្កុតឡែន

0

បរទេស៖ លោក ចន ស្វីននេយ (John Swinney) ត្រូវបានតែងតាំងជាប្រធានគណបក្សជាតិស្កុតឡេន (Scottish National Party) (SNP) ដោយបើកផ្លូវឱ្យលោកក្លាយជាមេដឹកនាំថ្មីរបស់ប្រទេសស្កុតឡែន បន្ទាប់ពីការលាលែងពីតំណែងរបស់ លោក ហ៊ូមហ្សា យូសាហ្វ (Humza Yousaf) ។

លោក ស្វីននេយ មានអាយុ ៦០ឆ្នាំ លោកបាននិយាយនៅលើបណ្ដាញសង្គមអ៊ិចថា លោក «មានកិត្តិយសយ៉ាងខ្លាំងដែលត្រូវបានជ្រើសរើសជាមេដឹកនាំគណបក្ស SNP» បន្ទាប់ពីលោក យូសាហ្វ បានលាលែងពីតំណែងកាលពីសប្តាហ៍មុន។ នេះជាលើកទី២ ហើយ ដែលលោក ស្វីននេយ បានកាន់តំណែងជាប្រធានគណបក្ស SNP ខណៈដែលលោកបានដឹកនាំ   គណបក្សគាំទ្រឯករាជ្យស្កុតឡេនពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៤។

គណបក្ស SNP បានបញ្ជាក់ថា លោក ស្វីននេយ គឺជាបេក្ខជនតែមួយគត់ដែលចូលកាន់តំណែងពីលោក យូសាហ្វ បន្ទាប់ពីការតែងតាំងសម្រាប់មុខតំណែងនេះបានបិទនៅពេលថ្ងៃត្រង់ ។ លោក យូសាហ្វ ត្រូវបានបង្ខំឱ្យលាលែងពីតំណែង បន្ទាប់ពីបាត់បង់ការគាំទ្រពីគណបក្ស Scottish Green សម្រាប់ការបញ្ចប់កិច្ចព្រមព្រៀងចែករំលែកអំណាចរវាងគណបក្សទាំងពីរ ដែលបានអនុញ្ញាតឱ្យគណបក្ស SNP គ្រប់គ្រងជាសំឡេងភាគច្រើននៅក្នុងសភា។

លោក ស្វីននេយ បានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីក្លាយជាមេដឹកនាំគណបក្ស SNP ថា នេះគឺជា «ការចាប់ផ្តើមនៃទំព័រថ្មី» សម្រាប់គណបក្ស។ ឥឡូវនេះ លោកនឹងស្វែងរកការយល់ព្រមពីសភាដើម្បីក្លាយជាមេដឹកនាំនៃប្រទេសស្កុតឡែន៕

ប្រភព៖ AKP