​កូរ៉េខាងត្បូង និងគុយបាយល់ព្រមបើកបេសកកម្មការទូត

0

បរទេស៖ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងត្បូង និងគុយបាបានព្រមព្រៀងគ្នាក្នុងការបើកបេសកកម្មការទូតនៅក្នុងប្រទេសទៅវិញទៅមក ដែលជាជំហានបន្តនៃការបង្កើតទំនាក់ទំនងការទូតរបស់ពួកគេកាលពីដើមឆ្នាំនេះ។

ក្រសួងបាននិយាយនៅក្នុងការចេញផ្សាយថា គណៈប្រតិភូកូរ៉េខាងត្បូងដឹកនាំដោយ លោក សុង ស៊ីជីន (Song Si-jin) អគ្គនាយករៀបចំផែនការ និងគ្រប់គ្រងនៅក្រសួងការបរទេស បានទៅធ្វើទស្សនកិច្ចនៅទីក្រុងហាវ៉ាណា និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបើកបេសកកម្មជាមួយមន្ត្រីគុយបា។

ក្រសួងបាននិយាយថា «ប្រទេសទាំងពីរបានយល់ព្រមបង្កើតស្ថានទូតអចិន្ត្រៃយ៍នៅក្នុងទីក្រុងសេអ៊ូល និងទីក្រុងហាវ៉ាណារៀងៗខ្លួន ហើយបានផ្លាស់ប្តូរលិខិតការទូតដែលបញ្ជាក់ពីរឿងនេះ» ។

ក្រសួងបាននិយាយថា ផ្អែកលើកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលគ្រោងនឹងបង្កើតបេសកកម្មបណ្តោះអាសន្ននៅទីក្រុងហាវ៉ាណា និងបញ្ជូនអ្នកការទូតជាជំហានបណ្តោះអាសន្ន មុនពេលបង្កើតស្ថានទូតអចិន្ត្រៃយ៍។

កាលពីថ្ងៃទី១៤ ខែកុម្ភៈ (ម៉ោងនៅទីក្រុងសេអ៊ូល) ប្រទេសកូរ៉េខាងត្បូង និងគុយបាបានធ្វើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលស្តីពីការបង្កើតទំនាក់ទំនងការទូត ដែលជាការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរចំពោះប្រទេសកូរ៉េខាងជើងដែលបានហៅទំនាក់ទំនងនេះថា ជាទំនាក់ទំនង «បងប្អូន» ជាមួយទីក្រុងហាវ៉ាណា៕

ប្រភព៖ AKP