បរទេស៖ អ្នកនាំពាក្យអាជ្ញាធរគ្រោះមហន្តរាយជាតិ លោក មូលឡាហ៍ ចាណាន សេក (Mullah Janan Saeq) បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបានកើនឡើង ខណៈដែលមនុស្ស ៧០នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ និងជាង ៥០នាក់ផ្សេងទៀតបានរងរបួស។
លោក សេក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា «ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ក្នុងរយៈពេល ៦ថ្ងៃចុងក្រោយនេះ បានកើនឡើងដល់ ៧០នាក់ ខណៈមនុស្ស ៥៦នាក់ផ្សេងទៀតបានរងរបួស» ។ មុននេះ មន្ត្រីរូបនេះបានបញ្ជាក់ថា មានមនុស្ស ៣៣នាក់ស្លាប់ និង២៧នាក់ទៀតរងរបួសកាលពីប៉ុន្មានថ្ងៃមុន ។
ផ្ទះជាង ២,៥០០ខ្នង ត្រូវបានបំផ្លាញ ឬខូចខាត ហើយសត្វពាហនៈជាង ២,០០០ក្បាលបានស្លាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដោយសារតែព្យុះភ្លៀង និងទឹកជំនន់។ ផ្នែកសំខាន់ៗនៃខេត្តចំនួន ៣៤ របស់ប្រទេសអាហ្វហ្គានីស្ថាន បានទទួលរងនូវការធ្លាក់ភ្លៀង និងការធ្លាក់ព្រិលនៅតំបន់ដាច់ស្រយាល ខណៈដែលនាយកដ្ឋានឧតុនិយមរបស់ប្រទេសព្យាករណ៍ថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតក្នុងរយៈពេល ៤ថ្ងៃខាងមុខ៕
ប្រភព៖ AKP