ចំនួនអ្នកស្លាប់កើនឡើងដល់ ១៦នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីនៅតៃវ៉ាន់ ខណៈការសាងសង់ឡើងវិញបានចាប់ផ្តើម

0

បរទេស៖ អាជ្ញាធរក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រនៅកោះតៃវ៉ាន់ នៃប្រទេសចិន បានកើនឡើងដល់ ១៦នាក់ហើយ ដោយអាជ្ញាធរបានបន្ថែម​ថា ការ​ឆ្លើយ​តប​គ្រោះ​រញ្ជួយ​ដី​ឥឡូវ​បាន​ប្តូរ​ពី​ជំនួយ​សង្គ្រោះ​បន្ទាន់​ទៅ​ការ​សង្គ្រោះ និង​ការ​កសាង​ឡើង​វិញ។

សាកសព ៣នាក់ទៀតត្រូវបានរកឃើញ ប៉ុន្តែអត្តសញ្ញាណរបស់ពួកគេមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ នៅវេលាម៉ោង ៧:៥៨នាទីព្រឹក ថ្ងៃទី៣ ខែមេសា ការរញ្ជួយដីនេះបានវាយប្រហារតំបន់សមុទ្រហួលេន។ រញ្ជួយ​ដី​នេះ​ក៏​បាន​បណ្តាល​ឱ្យ​មនុស្ស​ ១,១៥៥​នាក់​រង​របួស ខណៈ​មនុស្ស ​៣​នាក់​បានបាត់​ខ្លួន​នៅឡើយ ។

យោងតាមស្ថិតិពីអាជ្ញាធរកសិកម្មរបស់កោះនេះបានឱ្យដឹងថា ការរញ្ជួយដីបានបណ្តាលឱ្យមានការខូចខាតសរុប ៨០.៩៦លានដុល្លារតៃវ៉ាន់ (ប្រហែល ២.៥៣លានដុល្លារអាម៉េរិក) ក្នុងការបំផ្លាញផលិតផលកសិកម្ម ក៏ដូចជាសម្ភារៈឯកជន និងសាធារណៈ ជាមួយនឹងតំបន់ហួលេនទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ៕

ប្រភព៖ AKP