​ ប្រធានាធិបតីចិនជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី

0

បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) ក្នុងទីក្រុងប៉េកាំង។ លោក ស៊ី បានស្នើឱ្យលោក ឡាវរ៉ូវ ផ្ញើសារស្វាគមន៍យ៉ាងស្មោះស្ម័គ្រទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ។

ដោយកត់សម្គាល់ថា ឆ្នាំនេះជាខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លោក ស៊ី បាននិយាយថា ប្រទេសចិន និងរុស្ស៊ីបានដើរលើមាគ៌ាថ្មីមួយ នៃការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ រវាងប្រទេសធំៗ និងប្រទេសជិតខាងដែលបានផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងប្រជាជនរបស់ពួកគេ ហើយបានរួមចំណែកប្រកបដោយប្រាជ្ញា និងកម្លាំងចំពោះភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។

លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសចិនគាំទ្រប្រជាជនរុស្ស៊ីក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ពួកគេ និងគាំទ្រប្រទេសរុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងរក្សាសន្តិសុខសង្គម និងស្ថិរភាព។

លោក ស៊ី បាននិយាយថា ប្រទេសចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-រុស្ស៊ី ហើយត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសរុស្ស៊ី និងបង្កើនការសម្របសម្រួលជាយុទ្ធសាស្ត្រពហុភាគីនៅក្នុងក្រុមប្រទេសប្រ៊ីកស៍ (BRICS) និងអង្គការសហប្រតិបត្តិការស៊ាងហៃ។

លោកបានបន្ថែមថា ប្រទេសទាំងពីរនឹងបង្ហាញទំនួលខុសត្រូវបន្ថែមទៀត ដោយរួបរួមប្រទេសក្នុងសកលលោកខាងត្បូង ក្នុងស្មារតីសមភាព បើកចំហ តម្លាភាព និងបរិយាប័ន្ន ជំរុញការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល ហើយដឹកនាំយ៉ាងខ្លាំងក្លាក្នុងការកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។

លោក ឡាវរ៉ូវ បាន​ពាំនាំ​នូវ​ការ​នឹករលឹក​ដ៏​ស្និទ្ធស្នាល​របស់​ប្រធានាធិបតីលោក ពូទីន និង​ជូនពរ​ដល់​​ប្រធានាធិបតីលោក ស៊ី។ លោក ឡាវរ៉ូវ បាននិយាយថា ក្រោមការដឹកនាំដ៏រឹងមាំរបស់ប្រធានាធិបតីលោក ស៊ី ប្រទេសចិនបានបង្កើតសមិទ្ធិផលដែលបានទាក់ទាញការចាប់អារម្មណ៍ជាសកល និងផ្តល់ឱកាសសំខាន់ៗសម្រាប់ប្រទេសដទៃទៀតក្នុងការសម្រេចបាននូវការអភិវឌ្ឍរួម ដែលប្រទេសរុស្ស៊ីកោតសរសើរយ៉ាងខ្លាំង។

លោក ឡាវរ៉ូវ បាននិយាយថា អាទិភាពនៃគោលនយោបាយការបរទេសរបស់រុស្ស៊ី គឺការបង្រួបបង្រួម និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសចិន ហើយការបោះឆ្នោតឡើងវិញដោយរលូនរបស់ប្រធានាធិបតីលោក ពូទីន ដើម្បីធានាដល់ការបន្តនៃទំនាក់ទំនងរុស្ស៊ី-ចិន។

លោកបានបន្ថែមថា ប្រទេសរុស្ស៊ីមានឆន្ទៈក្នុងការអនុវត្តដោយស្មោះស្ម័គ្រនូវមតិឯកភាពសំខាន់ៗដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន ពង្រឹងការសម្របសម្រួលទ្វេភាគី និងពហុភាគី និងធ្វើការជាមួយប្រទេសដទៃទៀតជាមួយសកលលោកខាងត្បូង ដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកក្នុងការបង្កើតសណ្តាប់ធ្នាប់អន្តរជាតិឱ្យកាន់តែត្រឹមត្រូវ និងយុត្តិធម៌៕

ប្រភព៖ AKP