បរទេស៖ ភាសាបាហាសារបស់ឥណ្ឌូណេស៊ី ត្រូវបានណត់ថាជាភាសាផ្លូវការនៃមហាសន្និបាតអង្គការយូណេស្កូ (UNESCO) ក្នុងអំឡុងពេលនៃសម័យប្រជុំពេញអង្គលើកទី៤២ នៃមហាសន្និបាតនៅទីក្រុងប៉ារីស កាលពីថ្ងៃទី២០ ខែវិច្ឆិកា។
វាជាភាសាទី១០ ដែលត្រូវបានទទួលស្គាល់ជាភាសាផ្លូវការនៃមហាសន្និបាតអង្គការយូណេស្កូ បន្ថែមពីលើភាសាអង់គ្លេស អារ៉ាប់ ចិនកុកងឺ បារាំង អេស្ប៉ាញ រុស្ស៊ី ហិណ្ឌូ អ៊ីតាលី និងព័រទុយហ្គាល់។
ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំប្រទេសបារាំង ប្រទេសអង់ដូរ៉ា និងប្រទេសម៉ូណាកូ លោក ម៉ូហាម៉ាដ អូម៉ារ បានបញ្ជាក់ថា ភាសាឥណ្ឌូណេស៊ី គឺជាកម្លាំងបង្រួបបង្រួមជាតិតាំងពីសម័យមុនឯករាជ្យ ជាពិសេសតាមរយៈការសន្យារបស់យុវជននៅក្នុងឆ្នាំ១៩២៨ ដូច្នេះហើយទើបអាចភ្ជាប់ទំនាក់ទំនងរវាងជនជាតិផ្សេងៗនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
ទីភ្នាក់ងារព័ត៌មានអាន់តារ៉ា បានដកស្រង់សេចក្តីថ្លែងការណ៍របស់លោកឯកអគ្គរដ្ឋទូតដែលបាននិយាយថា ការទទួលស្គាល់នេះត្រូវបានធ្វើឡើងដោយការអនុម័តដំណោះស្រាយទី៤២ C/២៨ ដោយការឯកភាពគ្នាក្នុងអំឡុងពេលសម័យប្រជុំពេញអង្គ។
លោក អូម៉ារ បានកត់សម្គាល់ថា មនុស្សជាង ២៧៥លាននាក់និយាយភាសាបាហាសារបស់ឥណ្ឌូណេស៊ី។ កម្មវិធីសិក្សាភាសានោះមាននៅក្នុងប្រទេសចំនួន៥២ ហើយបច្ចុប្បន្ននេះ យ៉ាងហោចណាស់មានអ្នកនិយាយបរទេសចំនួន ១៥០.០០០នាក់បានប្រើប្រាស់វាយ៉ាងសកម្ម។
លោកបានសង្កត់ធ្ងន់ថា ការទទួលស្គាល់នេះនឹងបង្កើនការយល់ដឹងអំពីភាសាឥណ្ឌូណេស៊ី និងរួមចំណែកដល់ការអភិវឌ្ឍការភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិនានា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការយូណេស្កូ និងជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការអភិវឌ្ឍវប្បធម៌នៅកម្រិតពិភពលោក។
លោកបានបញ្ជាក់ថា ការទទួលស្គាល់ភាសានេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់សន្តិភាព ភាពសុខដុមរមនា និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយមិនត្រឹមតែនៅថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងកម្រិតទូទាំងពិភពលោកទៀតផង៕
ប្រភព៖ AKP