ស្លូវ៉ាគីបញ្ឈប់ការបញ្ជូនជំនួយយោធាទៅអ៊ុយក្រែន

0

បរទេស៖ ក្រសួងការពារជាតិស្លូវ៉ាគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី លោក រ៉ូបឺត កាលីនីអាក បានជូនដំណឹងដល់អគ្គលេខាធិការអង្គការណាតូ លោក ជែនស៍ ស្តូលធែនបឺក ថា ប្រទេសរបស់លោកនឹងមិនផ្គត់ផ្គង់សព្វាវុធ និងគ្រាប់រំសេវដល់ប្រទេសអ៊ុយក្រែនទៀតទេ។

ក្រសួងការពារជាតិបាននិយាយថា «រដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី លោក រ៉ូបឺត កាលីននីអាក បានជួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក ជែនស៍ ស្តូលធែនបឺក នៅទីក្រុងប្រ៊ុចសែល ដោយលោកបានជូនដំណឹងអំពីការបញ្ចប់ជំនួយយោធាដល់អ៊ុយក្រែនដែលបានផ្តល់ពីឃ្លាំងនៃកងកម្លាំងប្រដាប់អាវុធ [ស្លូវ៉ាគី]»។ សេចក្តីថ្លែងការណ៍នោះបានចង្អុលបង្ហាញថា «ទោះជាយ៉ាងណាក៏ដោយ ប្រទេសស្លូវ៉ាគីនៅតែបន្តផ្តល់ [អ៊ុយក្រែន] នូវជំនួយមនុស្សធម៌ និងជំនួយបច្ចេកទេសយ៉ាងទូលំទូលាយ ដោយមិនបណ្តាលឱ្យមានអ្នកស្លាប់នោះទេ»។

សេចក្តី​សម្រេច​បញ្ឈប់​ការ​បញ្ជូន​ជំនួយ​យោធា​​ទៅកាន់ប្រទេស​អ៊ុយក្រែននោះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ត្រី​ស្លូវ៉ាគី លោក រ៉ូបឺត ហ្វ៊ីកូ ដែល​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី២៥ ខែ​តុលា។ អាជ្ញាធរ​មិន​រារាំង​អ្នក​ម៉ៅការ​យោធា​ឯកជន​ពី​ការ​ផ្គត់ផ្គង់សព្វាវុធ និង​គ្រាប់​រំសេវ​ដល់​ទីក្រុង​កៀវឡើយ។ យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា ដៃគូអង្គការណាតូរបស់ប្រទេសនេះ គោរពសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីស្លូវ៉ាគី ដែលទើបនឹងបង្កើតឡើងនេះ៕

ប្រភព៖ AKP