​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នឹងដាក់ឱ្យដំណើរការប្រព័ន្ធចែករំលែកទិន្នន័យមីស៊ីលកូរ៉េខាងជើងនៅខែក្រោយ

0

បរទេស៖ ​ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យដើម្បីដាក់ឱ្យដំណើរការប្រព័ន្ធចែករំលែកទិន្នន័យព្រមានមីស៊ីលតាមពេលវេលាជាក់ស្តែងនៅខែក្រោយ ដើម្បីស្វែងរក និងវាយតម្លៃការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងឱ្យកាន់តែប្រសើរឡើង។

ប្រមុខការពារជាតិនៃប្រទេសទាំង៣ បានឈានដល់កិច្ចព្រមព្រៀងក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោក ឡយដ៍ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកទៅកាន់ទីក្រុងសេអ៊ូលសម្រាប់កិច្ចពិភាក្សាសន្តិសុខទ្វេភាគីប្រចាំឆ្នាំជាមួយសមភាគីកូរ៉េខាងត្បូង លោក ស៊ីន វុនស៊ីក ដែលបានគ្រោងធ្វើនៅថ្ងៃចន្ទនេះ និងរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក មីណូរូ គីហារ៉ា ចូលរួមសម័យប្រជុំត្រីភាគីតាមរយៈតំណភ្ជាប់វីដេអូ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា «រដ្ឋមន្ត្រីនៃប្រទេសទាំង៣ បានវាយតម្លៃថា ការត្រៀមរៀបចំសម្រាប់យន្តការចែករំលែកពេលវេលាជាក់ស្តែង ដែលមានគោលបំណងពង្រឹងសមត្ថភាពរបស់ប្រទេសនីមួយៗក្នុងការរកឃើញ និងវាយតម្លៃគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងនាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ។ ពួក​គេ​បាន​​ព្រមព្រៀង​បើក​យន្តការ​នេះ​ជា​ផ្លូវ​ការ​នៅក្នុង​ខែ​ធ្នូខាងមុខ»។

ក្នុង​ជំនួប​នោះ រដ្ឋមន្ត្រី​ទាំង៣ បាន​ថ្កោលទោសទៅលើសកម្មភាពបាញ់គ្រាប់មីស៊ីល និង​នុយក្លេអ៊ែរ​ចុងក្រោយ​របស់ទី​ក្រុង​ព្យុងយ៉ាង ហើយបានសន្យាថានឹងសហការគ្នាឱ្យបានយ៉ាងជិតស្និទ្ធសម្រាប់គោលដៅរួមរបស់ពួកគេនៃ «ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង» របស់កូរ៉េខាងជើងស្របតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប​ឥន្ធនៈ​រឹងវ៉ាសុង-១៨ (Hwasong-18) ចំនួន​ ២គ្រាប់​កាលពីដើម​ឆ្នាំនេះ​ ហើយត្រូវបានគេជឿថា កំពុងរៀបចំបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនបន្ទាប់ពីការប៉ុនប៉ងបរាជ័យកាលពីក្នុងខែឧសភា និងខែសីហាកន្លងមក៕

ប្រភព៖ AKP