ឯកឧត្តមបណ្ឌិត ជ្រិន សុធា សង្ឃឹមថា អាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ នឹងក្លាយជាធនធានអន្តរជាតិ ដើម្បីជាសំឡេងក្នុងការវិនិច្ឆ័យការប្រកួត

0

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធតេក្វាន់ដូ WT បានបង្ហាញក្តីសង្ឃឹមថា អាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ នៃវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣នេះនឹងអាចក្លាយជាធនធានអាជ្ញាកណ្តាល-ចៅក្រមអន្តរជាតិជំនួសអាជ្ញាកណ្តាលចៅក្រមអន្តរជាតិរបស់កម្ពុជាចាស់ៗកន្លងមក ដើម្បីជាសំឡេងមួយ ក្នុងការវិនិច្ឆ័យការប្រកួតអន្តរជាតិ។

នេះជាការដាក់ក្តីសង្ឃឹមរបស់ឯកឧត្តមបណ្ឌិត ជ្រិន សុធា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមតេក្វាន់ដូ WT ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ដែលបានបិទបញ្ចប់នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់កីឡាតេក្វាន់ដូប៊ូយ៉ុង-ខ្មែរនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តមបណ្ឌិត ជ្រិន សុធា សង្កត់ធ្ងន់ថា ៖«ប្រសិនបើតេក្វាន់ដូកម្ពុជាមិនមានអាជ្ញាកណ្តាល-ចៅក្រមអន្តរជាតិនោះទេ ក៏ប្រៀបដូចជាគ្មានសំឡេង នៅក្នុងការបោះឆ្នោតមួយដូច្នេះដែរ ពីព្រោះការប្រកួតលើវិញ្ញាសានីមួយៗត្រូវការការវិនិច្ឆ័យពីអាជ្ញាកណ្តាលចៅក្រម ដូច្នេះការវិនិច្ឆ័យទាំងអស់នោះទាមទារឱ្យមានអាជ្ញាកណ្តាលក្រមអន្តរជាតិរបស់កម្ពុជាយើងដែរ។ ខ្ញុំសង្ឃឹមថា ឆន្ទៈ និងការតស៊ូរបស់អាជ្ញាកណ្តាលចៅក្រមថ្នាក់ជាតិ ឆ្នាំ២០២៣នេះនឹងប្រឹងប្រែងដើម្បីបោះជំហានទៅដល់កម្រិតអន្តរជាតិ នាពេលខាងមុខ។ ខ្ញុំក៏សង្ឃឹមថា សិក្ខាកាមទាំងអស់នឹងជួយជ្រោមជ្រែងដល់ការអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូ WT កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ពីព្រោះថា ប្រភេទកីឡាអូឡាំពិករបស់កម្ពុជាមួយនេះធ្លាប់ដណ្តើមមេដាយ នៅក្នុងកីឡាអាស៊ី (ASIAN Games) និងស៊ីហ្គេម ជាបន្តបន្ទាប់ផងដែរ ដោយការពីពេលមុនៗ សូម្បីត្រឹមតែកម្រិតស៊ីហ្គេម ក៏ពិបាកក្នុងការប្រជែងមេដាយផង»។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមតេក្វាន់ដូ WT ថ្នាក់ជាតិ ឆ្នាំ២០២៣ និងកោតសរសើរ គ្រូឧទ្ទេស ជំនួយការ សិក្ខាកាមទាំងអស់ និងអ្នកសម្របសម្រួល ដែលជាអាជ្ញាកណ្តាលអន្តរជាតិ សម្រាប់ការបណ្តុះបណ្តាលវគ្គរយៈពេល៤ថ្ងៃនេះឱ្យដំណើរការដោយរលូន។

ឯកឧត្តមអគ្គលេខាធិការចាត់ទុកថា វគ្គនេះពិតជាមានសារៈសំខាន់ ដើម្បីបណ្តុះបណ្តាលធនធានបន្តវេន  ក្រោមថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿនសកម្មភាពរបស់ខេមរសហព័ន្ធតេក្វាន់ដូ ដើម្បីផ្សព្វផ្សាយប្រភេទកីឡាតេក្វាន់ដូ WT កម្ពុជា ឱ្យបានទូលំទូលាយទៅដល់សាធារណជនទូទៅ ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងប្រធានខេមរសហព័ន្ធតេក្វាន់ដូ។

គួរបញ្ជាក់ថ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមតេក្វាន់ដូ WT ថ្នាក់ជាតិ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមមកពីបណ្តាក្លឹបកីឡាតេក្វាន់ដូ WT រាជធានី-ខេត្ត សរុបចំនួន ៦១នាក់ (ស្រី ២៣នាក់) ក្នុងនោះមកពីខេត្តកណ្តាល បាត់ដំបង សៀមរាប ក្រចេះ កំពង់ចាម រតនគិរី បន្ទាយមានជ័យ និងរាជធានីភ្នំពេញ ៤៥នាក់ (ស្រី ១៧នាក់)។ ជាលទ្ធផលទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន និទ្ទេសល្អ ៣នាក់ស្នើនឹង៥%, និទ្ទេសល្អបង្គួរ ១៣នាក់ ស្មើនឹង ២០% និងនិទ្ទេសមធ្យម  ៣៥នាក់ ស្មើនឹង ៧៥%៕

ប្រភព៖ AKP