កូរ៉េខាងជើងទំនង​ជា​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហាម៉ាស់​ក្នុង​ការ​ជួញ​ដូរ​សព្វាវុធ និងកិច្ចការ​យោធា​ផ្សេង​ទៀត

0

បរទេស៖ មន្ត្រីយោធាជាន់ខ្ពស់មួយរូបនៅទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃអង្គារថា កូរ៉េ​ខាងជើង​ទំនង​ជា​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស់​ក្នុង​ការ​ជួញដូរ​សព្វាវុធ និងកិច្ចការ​យោធា​ផ្សេង​ទៀត ហើយអាចប្រើកលល្បិចស្រដៀងគ្នាទៅនឹងអ្វីដែលប្រើប្រឆាំងនឹងអ៊ីស្រាអែលសម្រាប់ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើកូរ៉េខាងត្បូង។

អគ្គសេនាធិការចម្រុះ (JCS) បានធ្វើការវាយតម្លៃខាងលើនេះបន្ទាប់ពីបានវិភាគទៅលើការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា ដែលបានធ្វើឱ្យអ៊ីស្រាអែលងងឹតភ្នែកដោយការបាញ់គ្រាប់រ៉ុក្កែតជាង ៥.០០០គ្រាប់ ដើម្បីគេចចេញពីប្រព័ន្ធការពារ Iron Dome ធ្វើឱ្យប្រព័ន្ធព្រមានជាមុនចុះខ្សោយ និងការរំលោភព្រំដែនអ៊ីស្រាអែលជាមួយនឹងអ្នកលោតឆ័ត្រយោងនៅដំណាក់កាលដំបូងនៃជម្លោះ។

មន្ត្រីយោធារូបនោះបាននិយាយថា គ្រាប់រ៉ុក្កែតអេហ្វ-៧អេស (F-7s) ដែលជាប្រភេទគ្រាប់រ៉ុក្កែតបំផ្ទុះខ្លាំង ហាក់ដូចជាមានភាពស្រដៀងគ្នាទៅនឹងគ្រាប់រ៉ុក្កែតប្រភេទ RPG-7 ដែលផលិតនៅប្រទេសកូរ៉េខាងជើង ដោយលោកមិនបានបញ្ជាក់ទេថា តើគ្រាប់រ៉ុក្កែតទាំងនោះត្រូវបានផ្តល់ឱ្យដោយផ្ទាល់ទៅក្រុមហាម៉ាស់ ឬតាមរយៈប្រតិបត្តិការដែលពាក់ព័ន្ធនឹងប្រទេសដទៃទៀត។

ទីក្រុងព្យុងយ៉ាងបានបដិសេធចំពោះការចោទប្រកាន់ថា អាវុធរបស់ខ្លួនត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស់នៅក្នុងការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ហើយបាននិយាយថា វាជាពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាន និងមិនពិត។ កូរ៉េខាងជើង បាននិយាយថា ការអះអាងនេះគឺជាផ្នែកមួយរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីបង្វែរការស្តីបន្ទោសចំពោះជម្លោះដែលកើតឡើងដោយខ្លួនឯង៕

ប្រភព៖ AKP