បរទេស៖ បេសកជនពិសេសរបស់ចិនទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ា លោក ហ្សៃ ជុន បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងទៅបំពេញទស្សនកិច្ចនៅបណ្តាប្រទេសនៅមជ្ឈិមបូព៌ានៅក្នុងសប្តាហ៍នេះ ដើម្បីជួយបញ្ចប់ជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល និងជំរុញឱ្យមានកិច្ចចរចាសន្តិភាព។
លោក ហ្សៃ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ចិនថា «ខ្ញុំនឹងទៅប្រទេសពាក់ព័ន្ធនានានៅសប្តាហ៍ក្រោយនៅមជ្ឈិមបូព៌ា ដើម្បីពង្រឹងការសម្របសម្រួលបន្ថែមទៀតជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយមានគោលដៅបញ្ឈប់ការប្រយុទ្ធ ការពារជនស៊ីវិល បន្ធូរបន្ថយស្ថានការណ៍ និងជំរុញកិច្ចចរចាសន្តិភាពឱ្យដើរទៅមុខ»។
លោក ហ្សៃ ក៏បាននិយាយផងដែរថា ឫសគល់នៃបញ្ហាប៉ាឡេស្ទីន គឺស្ថិតនៅត្រង់ថា បំណងប្រាថ្នារបស់ប៉ាឡេស្ទីនសម្រាប់រដ្ឋឯករាជ្យ ត្រូវបានគេព្រងើយកន្តើយអស់ជាច្រើនឆ្នាំ។
លោក ហ្សៃ បាននិយាយថា «ដំណោះស្រាយស្ថិតនៅក្នុងការបង្កើត [រដ្ឋឯករាជ្យ] របស់ខ្លួន និងការអនុវត្តដំណោះស្រាយរដ្ឋទាំងពីរ ដែលអាចនាំទៅដល់ការរួមរស់ដោយសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល»៕
ប្រភព៖ ក្រសួងព័ត៌មាន