បរទេស៖ ក្រុមហាម៉ាសគ្រោងនឹងប្រើប្រាស់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលដែលត្រូវបានចាប់ខ្លួន សម្រាប់កិច្ចចរចាដើម្បីដោះលែងជនជាតិប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួននៅសហរដ្ឋអាមេរិក និងជនជាតិអារ៉ាប់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។
អ្នកនាំពាក្យរបស់ក្រុមហាម៉ាស់ លោក អាលី បារ៉ាកេហ៍ បាននិយាយថា មានជនជាតិប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួននៅអាម៉េរិក ក្រោមការចោទប្រកាន់ពីបទផ្តល់ហិរញ្ញប្បទានដល់ក្រុមហាម៉ាស់ ហើយយើងនឹងស្នើសុំឱ្យមានការដោះលែងពួកគេ។
លោកបាននិយាយបន្ថែមថា ក្រុមហាម៉ាស់នឹងស្វែងរកការដោះលែងជនជាតិអារ៉ាប់ទាំងអស់ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល។
អ្នកនាំពាក្យខាងលើ បានបន្តថា ក្រុមសកម្មប្រយុទ្ធបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ «គ្រប់សេណារីយ៉ូ» នៃជម្លោះ ដែលរួមទាំង «សង្រ្គាមដ៏យូរ» ផងដែរ។
យោងតាមរូបលោកបានឱ្យដឹងថា ចាប់តាំងពីភាពតានតឹងកើនឡើងនៅក្នុងឆ្នាំ២០១៤ នៅតំបន់ហ្គាហ្សាមក ក្រុមហាម៉ាស់បានធ្វើការបណ្តុះបណ្តាលអ្នកប្រយុទ្ធរបស់ខ្លួន និងផលិតគ្រាប់រ៉ុក្កែតផ្ទាល់ខ្លួន។
លោក បារ៉ាកេហ៍ បានចង្អុលបង្ហាញអំពីហេតុផលសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស់ ថាដោយសារតែសកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែលចំពោះវិហារអ៊ីស្លាមអាល់-អាកសា នៅកណ្តាលទីក្រុងហ្សេរុយសាឡឹម និងការកើនឡើងនៃសម្ពាធទៅលើអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល។
ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានកើនឡើងកាលពីថ្ងៃទី៧ ខែតុលា ដោយសារមានការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ពីតំបន់ហ្កាហ្សាទៅលើទឹកដីអ៊ីស្រាអែល។
យោងតាមតួលេខផ្លូវការចុងក្រោយបានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីនប្រមាណជិត ៧០០នាក់ត្រូវបានសម្លាប់ និងជាង ៣.៧០០នាក់បានរងរបួសនៅក្នុងការប៉ះទង្គិច និងការបាញ់ផ្លោង ខណៈដែលជនជាតិអ៊ីស្រាអែលប្រហែល ៨០០នាក់បានស្លាប់ និងជាង ២.០០០នាក់ទៀតរងរបួស។
ក្រុមហាម៉ាស់បាននិយាយថា ការវាយប្រហារនេះ គឺជាការសងសឹកចំពោះសកម្មភាពរបស់អ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាកសា នៅទីក្រុងហ្សេរុយសាឡឹម។
ដោយឡែកប្រទេសអ៊ីស្រាអែល ក៏បានបានប្រកាសស្ថានភាពនៃសង្រ្គាម និងការបិទផ្លូវទាំងស្រុងនៃតំបន់ហ្គាហ្សាស្រ្ទីប៕
ប្រភព៖ ក្រសួងព័ត៌មាន