បរទេស៖ ទីក្រុងមូស្គូសង្ឃឹមថា កិច្ចប្រជុំរបស់ប្រធានាធិបតីអាស៊ែរហៃហ្សង់ លោក អ៊ីលហាំ អាលីយ៉េវ ជាមួយបណ្តាមេដឹកនាំបរទេស ដែលរួមមានទាំងប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន ផងដែរនោះ នឹងជួយធានាដល់សន្តិសុខ និងធ្វើឱ្យមានប្រក្រតីភាពឡើងវិញនៅក្នុងតំបន់ណាហ្គោណូ-ការ៉ាបាក។ នេះបើយោងតាមអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ប៉េសកូវ បាននិយាយកាលពីថ្ងៃចន្ទ។
លោកបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅពេលសួរអំពីការរំពឹងទុកសម្រាប់កិច្ចប្រជុំរវាងលោក អាលីយ៉េវ និងលោក អឺដូហ្គែន ថា «រាល់ពេលដែលយើងសង្ឃឹមរាល់កិច្ចប្រជុំរបស់រវាងប្រធានាធិបតីអាស៊ែរបៃហ្សង់ ដែលរួមមានទាំងកិច្ចប្រជុំជាមួយប្រធានាធិបតីតួកគីផងដែរនោះ នឹងជួយធានាដល់សន្តិសុខក្នុងតំបន់ និងធ្វើឱ្យស្ថានភាពនៅការ៉ាបាកមានភាពប្រក្រតីឡើងវិញ បន្ទាប់ពីវាបានកើតឡើង»។
លោក ប៉េសកូវ បាននិយាយថា «ទាំងនោះ គឺជាប្រទេសដែលមានអធិបតេយ្យភាព ហើយពួកគេកំពុងអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ពួកគេក្នុងការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការ។ យើងដឹងថា ទីក្រុងបាគូ និងទីក្រុងអង់ការ៉ាមានទំនាក់ទំនងជិតស្និទ្ធខ្លាំងណាស់ ហើយទីក្រុងមូស្គូក៏មានទំនាក់ទំនងជិតស្និទ្ធដែរជាមួយទីក្រុងអង់ការ៉ា និងទីក្រុងបាគូ»។
ការិយាល័យប្រធានាធិបតីតួកគីបាននិយាយនៅពេលមុននេះថា លោក អឺដូហ្គែន និងលោក អាលីយ៉េវ ចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់បំពង់បង្ហូរឧស្ម័ន Ygdir-Nakhichevan កាលពីថ្ងៃទី២៥ ខែកញ្ញា។ កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងផ្តោតសំខាន់ទៅលើទំនាក់ទំនងទ្វេភាគី ក៏ដូចជាការជំរុញបញ្ហាក្នុងតំបន់ និងពិភពលោក រួមទាំងការអភិវឌ្ឍថ្មីៗនៅតំបន់ណាហ្គោណូ-ការ៉ាបាក៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា