រដ្ឋមន្ត្រីការបរទេសចិនអំពាវនាវឱ្យមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃសហគមន៍ពិភពលោក

0

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យមានការឯកភាពគ្នា និងកិច្ចសហប្រតិបត្តិការជាសកលរបស់សហគមន៍អន្តរជាតិ ដើម្បីស្វែងរកការអភិវឌ្ឍទៅវិញទៅមក និងបង្កើតអនាគតដ៏ល្អប្រសើរ។

លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនផងដែរនោះ បានធ្វើការកត់សម្គាល់ខាងលើនេះនៅពេលថ្លែងសុន្ទរកថាតាមរយៈតំណភ្ជាប់វីដេអូនៅសាលប្រជុំសកលលោកឆ្នាំ២០២៣។

លោក វ៉ាង ដែលបានលើកឡើងនូវសំណើចំនួន ៤ចំណុចនៅក្នុងសុន្ទរកថានោះ ដោយលោកបានអំពាវនាវឱ្យប្រទេសទាំងអស់រក្សាការរួបរួមគ្នា និងកិច្ចសហប្រតិបត្តិការស្វែងរកការអភិវឌ្ឍទៅវិញទៅមក និងបង្កើតអនាគតដ៏ល្អប្រសើរ។

លោកក៏បានអំពាវនាវផងដែរដល់គ្រប់ភាគីទាំងអស់ឱ្យប្តេជ្ញាចិត្តឆ្ពោះទៅរកចក្ខុវិស័យរួម គ្រប់ជ្រុងជ្រោយ មានកិច្ចសហប្រតិបត្តិការ និងសន្តិសុខប្រកបដោយចីរភាព និងរួមគ្នាការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។

គួរកត់សម្គាល់ថា ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅទីក្រុងប៉េកាំងក្នុងខែតុលាខាងមុខ។ លោក វ៉ាង បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការងារជាមួយសហគមន៍អន្តរជាតិ ដើម្បីពិនិត្យមើលឡើងវិញនូវសមិទ្ធិផលនានា និងបទពិសោធន៍នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ព្រមទាំងស្វែងយល់ពីគំនិត និងវិធានការសម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវដែលមានគុណភាពខ្ពស់នៅចំណុចចាប់ផ្តើមថ្មីមួយ៕

ប្រភព៖ ក្រសួងព័ត៌មាន