សេដ្ឋកិច្ចឡាវត្រូវបានព្យាករថានឹងរក្សាបាននូវកំណើន

0

បរទេស៖ ក្រុមអ្នកស្រាវជ្រាវឡាវមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចប្រទេសឡាវ ដែលត្រូវបានព្យាករថានឹងកើនឡើង ៤,៥% នៅក្នុងឆ្នាំនេះ ចំពេលដែលកំពុងមានបញ្ហាប្រឈមក្នុងវិស័យសេដ្ឋកិច្ចពិភពលោក។

យោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់វិទ្យាស្ថានស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចនៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចឡាវ (LASES) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចនឹងត្រូវបានជំរុញដោយវិស័យសេវាកម្ម ដោយភ្ជាប់មកជាមួយនឹងកំណើននៃវិស័យទេសចរណ៍ ឧស្សាហកម្មកែច្នៃ និងផលិតកម្មកសិកម្មសម្រាប់ការនាំចេញ។

វិស័យកសិកម្មត្រូវបានកំណត់ថានឹងកើនឡើង ៣,៥% នៅក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនេះ វិស័យឧស្សាហកម្មត្រូវបានគេរំពឹងថានឹងមានការកើនឡើង ៤,៦% ពីការនាំចេញទាក់ទងទៅនឹងឧស្សាហកម្មកែច្នៃនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

វិស័យសំណង់ក៏ត្រូវបានកំណត់ថានឹងមានកំណើនផងដែរ បើទោះបីជាមានការលំបាកផ្នែកហិរញ្ញវត្ថុដែលរដ្ឋាភិបាលកំពុងប្រឈមមុខ និងការកាត់បន្ថយលំហូរទុនដែលអាចប៉ះពាល់ដល់កំណើនរបស់វិស័យនេះក៏ដោយ។

យោងតាមអនុប្រធាន LASES លោកបណ្ឌិត គីកែវ ចន្ថាបូរី បាន​ឱ្យដឹងថា ការដាក់ឱ្យដំណើរការផ្លូវដែកឆ្លងកាត់ព្រំដែនឡាវ-ចិន បានចូលរួមចំណែកក្នុងការជំរុញពាណិជ្ជកម្មក្នុងតំបន់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនយ៉ាងច្រើន។

លោកបណ្ឌិត គីកែវ បាននិយាយថា ផ្លូវដែកឡាវ-ចិន ផ្តល់ឱកាសដល់ប្រទេសឡាវក្នុងការជំរុញវិស័យនាំចេញ ទេសចរណ៍ និងដឹកជញ្ជូនរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ក៏មានបញ្ហាប្រឈមមួយចំនួនដែលប្រទេសឡាវកំពុងប្រឈមមុខផងដែរ ដូចជាការកើនឡើងនៃអតិផរណា បំណុលសាធារណៈខ្ពស់ ការធ្លាក់ចុះនៃរូបិយប័ណ្ណ និងពលករឡាវទៅធ្វើការនៅបរទេសដើម្បីបានប្រាក់ឈ្នួលខ្ពស់។ បញ្ហាប្រឈមទាំងនេះកាន់តែអាក្រក់ទៅៗដោយសារបញ្ហាក្នុងការគ្រប់គ្រងរូបិយប័ណ្ណក្នុងស្រុក ដែលប៉ះពាល់ដោយផ្ទាល់ដល់តម្លៃទំនិញ។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក៏ការបើកទីផ្សាររបស់ប្រទេសចិនឡើងវិញជាមួយនឹងអ្នកប្រើប្រាស់ចំនួន ១,៣ប៊ីលាននាក់ គឺផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសឡាវ។ នៅក្នុង​ឆ្នាំ​នេះ កសិផល​ជាង ៣​លាន​តោន​ត្រូវ​បាន​នាំ​ចេញ​ទៅកាន់​ប្រទេស​ចិន ថៃ និង​វៀតណាម៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា