បរទេស៖ កាលពីថ្ងៃទី១១ ខែឧសភា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានធ្វើជាប្រធានកិច្ចប្រជុំកំពូលលើកទី១៥ នៃត្រីកោណកំណើនរវាងឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ថៃ (IMT-GT) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលប្រព្រឹត្តទៅនៅទីក្រុងឡាប៊ូនបាចូរបស់ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៩-១១ ខែឧសភា។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលនោះ លោកប្រធានាធិបតី ចូកូ វីដូដូ បាននិយាយថា លោកមានសេចក្តីសោមនស្សរីករាយដែលឃើញ IMT-GT កត់ត្រានូវទំហំពាណិជ្ជកម្មដែលមានតម្លៃ ៦១៨ប៊ីលានដុល្លារអាម៉េរិកនៅក្នុងរយៈពេលដែលមានវិបត្តិកាលពីឆ្នាំ២០២១។
លោកបានអះអាងថា ប្រទេសទាំងបីនឹងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនាពេលខាងមុខ។
មេដឹកនាំរូបនេះបានអំពាវនាវដល់ IMT-GT សម្រាប់ការទទួលយកស្មារតីនៃកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការជំរុញការប្រកួតប្រជែង ការតភ្ជាប់ ទេសចរណ៍ និងការវិនិយោគ ដើម្បីសម្រេចបាននូវចក្ខុវិស័យ IMT-GT ឆ្នាំ២០៣៦។
យោងតាមប្រធានាធិបតីឥណ្ឌូណេស៊ីបានឱ្យដឹងថា ក្នុងឆ្នាំទី៣០ របស់ខ្លួន IMT-GT បានក្លាយជាត្រីកោណមាសនៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា