ការពង្រីករបស់អង្គការណាតូនៅអាស៊ី ជាការបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ដោយជៀសមិនរួច

0

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការណាតូដែលពង្រីកឈានឆ្ពោះទៅតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងធ្វើឱ្យស្ថិរភាពនៅទីនោះកាន់តែអាក្រក់ទៅៗ។

ឆ្លើយតបទៅនឹងសំណើរបស់សារព័ត៌មានតាសស៍ ដើម្បីធ្វើអត្ថាធិប្បាយទៅលើផែនការរបស់អង្គការណាតូក្នុងការបើកការិយាល័យនៅក្នុងប្រទេសជប៉ុន លោកស្រីបាននិយាយថា «ការបន្តពង្រីកទៅទិសខាងកើតរបស់អង្គការណាតូទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក និងការជ្រៀតជ្រែករបស់សម្ព័ន្ធភាពក្នុងកិច្ចការតំបន់ នឹងធ្វើឱ្យខូចខាតដល់សន្តិភាព និងស្ថិរភាពដោយជៀសមិនរួច»។

អ្នកការទូតរូបនោះបានសង្កត់ធ្ងន់ថា «តំបន់អាស៊ីមិនគួរក្លាយជាសង្វៀននៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនោះទេ»។

លោកស្រី ម៉ៅ នីង បាននិយាយបន្ថែមថា ការឈានទៅមុខរបស់អង្គការណាតូនៅតំបន់អាស៊ី «នឹងធ្វើឱ្យមានការប្រឈមមុខដាក់គ្នានៅក្នុងប្លុក ដែលវាជារឿង​គួរឱ្យ​ព្រួយ​បារម្ភ​ជា​ពិសេសរបស់បណ្តា​ប្រទេស​ក្នុង​តំបន់»។

កាលពីថ្ងៃទី៣ ខែឧសភា សារព័ត៌មាន Nikkei បានរាយការណ៍ថា អង្គការណាតូគ្រោងនឹងបើកការិយាល័យទំនាក់ទំនងរបស់ខ្លួននៅប្រទេសជប៉ុននៅឆ្នាំក្រោយ។

យោងតាមសារព័ត៌មាននេះបានឱ្យដឹងថា «ការិយាល័យនេះនឹងអនុញ្ញាតឱ្យសម្ព័ន្ធភាពយោធាធ្វើការពិគ្រោះយោបល់តាមកាលកំណត់ជាមួយប្រទេសជប៉ុន និងដៃគូសំខាន់ៗនៅក្នុងតំបន់ ដូចជាកូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់»។

សារព័ត៌មា Nikkei បាននិយាយ​ថា សេចក្តី​សម្រេច​ជា​ផ្លូវ​ការ​គួរ​តែ​ធ្វើ​ឡើង​មុនពេល​កិច្ច​ប្រជុំ​កំពូលអង្គការ​ណាតូ​នៅ​ទីក្រុង Vilnius នៅ​ថ្ងៃ​ទី១១-១២ ខែ​កក្កដា៕

ប្រភព៖ ក្រសួងព័ត៌មាន