បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តូលធែនបឺក (Jens Stoltenberg) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជាង ៩៨% នៃយានប្រយុទ្ធដែលអង្គការណាតូបានសន្យាផ្តល់ជូនប្រទេសអ៊ុយក្រែនត្រូវបានប្រគល់រួចរាល់ហើយ។
លោកបានចង្អុលបង្ហាញនៅក្នុងកិច្ចប្រជុំមួយជាមួយនាយករដ្ឋមន្រ្តីលុចសំបួរ លោក សាវីយេរ ប៊ែតធែល (Xavier Bettel) នៅទីក្រុងប្រ៊ុចសែលថា «ជារួម តាមរយៈក្រុមការងារទំនាក់ទំនងដែលដឹកនាំដោយសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តអង្គការណាតូ និងដៃគូបានផ្តល់ការគាំទ្រដែលមិនធ្លាប់មានពីមុនមកដល់ប្រទេសអ៊ុយក្រែន។ ជាង ៩៨% នៃរថពាសដែកប្រយុទ្ធដែលបានសន្យាផ្តល់ដល់អ៊ុយក្រែនត្រូវបានបញ្ជូនទៅរួចរាល់ហើយ ដែលរួមមានរថពាសដែកជាង ១.៥០០គ្រឿង រថក្រោះ ២៣០គ្រឿង និងគ្រឿងបរិក្ខារផ្សេងៗទៀតដូចជាគ្រាប់រំសេវដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ សរុបមក យើងបានហ្វឹកហាត់ និងបំពាក់កងពលតូចរថពាសដែកថ្មីចំនួន៩ របស់អ៊ុយក្រែន»។
យោងតាមលោក ស្តូលធែនបឺក បានឱ្យដឹងថា អង្គការណាតូជឿជាក់ថា ការផ្តល់សព្វាវុធឱ្យបានច្រើនតាមតែអាចធ្វើទៅបានដល់ទីក្រុងគៀវ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការសម្របសម្រួលសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ព្រោះវានឹងអនុញ្ញាតឱ្យរបបរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) ស្ថិតក្នុងគោលជំហរចរចាដ៏រឹងមាំមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានអង្គការណាតូបានព្រមានប្រឆាំងនឹងការមើលស្រាលរបស់កងទ័ពរុស្ស៊ី ហើយបានអះអាងថា រុស្ស៊ីកំពុងបញ្ជូនទាហានរាប់ពាន់នាក់ទៅវាយប្រហារទីក្រុងអាទីយ៉ូម៉ូវស្ក៍ (ហៅថាទីក្រុងបាខមុតនៅអ៊ុយក្រែន)។
ជារួម លោក ប៊ែតធែល បានកត់សម្គាល់ថា ប្រទេសលុចសំបួរមិនមានអាវុធសម្រាប់បញ្ជូនទៅកាន់អ៊ុយក្រែនទេ ដែលនេះជាមូលហេតុដែលប្រទេសរបស់លោកចូលរួមចំណែកក្នុងផ្នែកហិរញ្ញវត្ថុ ដោយនឹងចំណាយលើតាមអ្វីដែលទីក្រុងគៀវកំពុងស្នើសុំ៕
ប្រភព៖ ក្រសួងព័ត៌មាន