វិស័យឯកជនថៃ មានសុទិដ្ឋិនិយមចំពោះសេវាផ្លូវដែកចិន-ឡាវ

0

បរទេស៖ ការបើកដំណើរការសេវាកម្មដឹកអ្នកដំណើរឆ្លងកាត់ព្រំដែនកាលពីពេលថ្មីៗនេះតាមរយៈផ្លូវដែកចិន-ឡាវ ស្របពេលនៃឱកាសពិធីបុណ្យដ៏សំខាន់បំផុតសម្រាប់ប្រទេសថៃ និងឡាវនោះ បានជំរុញវិស័យទេសចរណ៍ក្នុងស្រុកនៅពេលដែលវាកំពុងងើបឡើងវិញពីជំងឺរាតត្បាត។

ខេត្តណងខៃនៅភាគឦសានរបស់ប្រទេសថៃបានប្រារព្ធពិធីបុណ្យសង្រ្កាន្តឆ្នាំថ្មីជាមួយប្រទេសជិតខាងឡាវឆ្លងកាត់ទន្លេមេគង្គចាប់តាំងពីសេវាដឹកអ្នកដំណើរឆ្លងកាត់ព្រំដែនតាមផ្លូវដែកចិន-ឡាវដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា។

លោកស្រី ជីរ៉ានុន សាគុលតាំងផៃសាល (Jiranun Sakultangphaisal) ទីប្រឹក្សាសមាគមទេសចរណ៍នៃខេត្តណងខៃ បាននិយាយថា ភ្ញៀវទេសចរជាច្រើននឹងស្នាក់នៅរយៈពេលមួយយប់នៅក្នុងខេត្តភាគឦសានរបស់ប្រទេសថៃមួយនេះ មុនពេលធ្វើដំណើរទៅកាន់រដ្ឋធានីវៀងច័ន្ទន៍របស់ប្រទេសឡាវដែលមានចម្ងាយប្រហែល ២០គីឡូម៉ែត្រ។

លោកស្រី ម៉ុននីប៉ា កូវីតស៊ីរីគុល (Monnipa Kovitsirikul) ប្រធានសភាពាណិជ្ជកម្មខេត្តណងខៃ បាននិយាយថា លោកស្រីសង្ឃឹមថាភ្ញៀវទេសចរចិនដែលទៅដល់ប្រទេសឡាវនឹងធ្វើដំណើរបន្ថែមទៀតដើម្បីទស្សនាខេត្តណងខៃ និងតំបន់ភាគឦសានដ៏ធំទូលាយរបស់ប្រទេសថៃ។

លោកស្រី ម៉ុននីប៉ា បាននិយាយថា វិស័យធុរកិច្ចជាច្រើននៅក្នុងខេត្តណងខៃបានទទួលអត្ថប្រយោជន៍ពីប្រតិបត្តិការផ្លូវដែកចិន-ឡាវ ដែលបានបង្កើនការងារ និងនាំមកនូវឱកាសថ្មីៗសម្រាប់សហគមន៍ធុរកិច្ចក្នុងស្រុក។ លោកស្រីក៏បានមើលឃើញការវិនិយោគថ្មីពីក្នុងប្រទេសថៃចូលទៅក្នុងខេត្តណងខៃ និងបង្កើនកិច្ចខិតខំប្រឹងប្រែងដោយរដ្ឋាភិបាលថៃក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកផងដែរ។

ផ្លូវដែកចិន-ឡាវក៏បានផ្តល់ជូននូវផ្លូវដឹកជញ្ជូនដ៏សំខាន់មួយសម្រាប់ប្រទេសថៃដើម្បីចូលទៅកាន់ទីផ្សារប្រទេសចិនដ៏ធំដែរ។ កន្លងមក ការដឹកជញ្ជូនទំនិញរវាងប្រទេសចិន ឡាវ និងថៃ ត្រូវចំណាយពេលយូរដោយសារស្ថានភាពផ្លូវមិនល្អ។ ផ្លូវដែកចិន-ឡាវ បានកាត់បន្ថយពេលវេលាធ្វើដំណើរមកនៅត្រឹមប្រមាណ ១០ម៉ោង ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញនានា ដូចជាផ្លែឈើដែលត្រូវការការដឹកជញ្ជូនលឿនជាដើម។

សម្រាប់លោកស្រី ជីរ៉ានុន ទីប្រឹក្សាសមាគមទេសចរណ៍បានឱ្យដឹងថា ផ្លូវដែកចិន-ឡាវក៏ជាផ្លូវនៃមិត្តភាពដែលតភ្ជាប់ប្រទេសថៃ ចិន និងឡាវឱ្យកាន់តែខិតជិតតាមរយៈការបង្កើនការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនផងដែរ។ លោកស្រីបាននិយាយថា ការផ្លាស់ប្តូរកាន់តែច្រើននឹងជួយឱ្យមានការយល់ដឹងកាន់តែច្រើន ដែលជួយសម្រួលដល់កិច្ចសហប្រតិបត្តិការដែលមានការកើនឡើង៕

ប្រភព៖ ក្រសួងព័ត៌មាន