អាជ្ញាធររូបិយវត្ថុសិង្ហបុរី បានសម្រេចផ្អាកការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ

0

បរទេស៖ បន្ទាប់ពីផ្តោតការយកចិត្តទុកដាក់ទៅលើការទប់ស្កាត់អតិផរណា អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានសម្រេចផ្អាកការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដោយសារពិចារណាទៅលើការកើនឡើងហានិភ័យដែលសេដ្ឋកិច្ចកំពុងប្រឈមមុខ។

សេចក្តីសម្រេចកាលពីថ្ងៃទី១៤ ខែមេសានោះ គឺជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំដែលអាជ្ញាធរ MAS កំពុងឈរលើគោលនយោបាយរូបិយវត្ថុ បន្ទាប់ពីបានអនុវត្តការរឹតបន្តឹងចំនួន៥ ជាប់ៗគ្នាចាប់តាំងពីខែតុលា ឆ្នាំ២០២១ ដើម្បីទប់ទល់អតិផរណា។

ជាមួយនឹងការប៉ាន់ស្មានជាមុនសម្រាប់ត្រីមាសទី១ នៃឆ្នាំ២០២៣ បានបង្ហាញថា កំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំ មានចំនួន ០,១% ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ២,១% នៅក្នុងត្រីមាសមួយមុន។

កំណត់សម្គាល់ពីក្រុមហ៊ុនស្រាវជ្រាវ DBS Group បាននិយាយថា សន្ទុះកំណើនសេដ្ឋកិច្ចបានធ្លាក់ចុះយ៉ាងខ្លាំង ហើយអតិផរណាបានឡើងដល់កម្រិតខ្ពស់ ហើយទំនងជាឆ្ពោះទៅរកកម្រិតមធ្យម។ ការផ្លាស់ប្តូរនៃសក្ដានុពលហានិភ័យរវាងកំណើនសេដ្ឋកិច្ច និងអតិផរណាបានជំរុញឱ្យអាជ្ញាធរ MAS ធ្វើឱ្យមានតុល្យភាពឡើងវិញនូវគោលនយោបាយអត្រាប្តូរប្រាក់របស់ខ្លួន៕

ប្រភព៖ ក្រសួងព័ត៌មាន