ចិនសង្ឃឹមថាប្រទេសទាំងអស់នឹងយល់អំពីខ្លឹមសារនៃបញ្ហាកោះតៃវ៉ាន់ និងប្រឆាំងដាច់ខាតចំពោះទម្រង់ណាមួយនៃឯករាជ្យភាពរបស់កោះនេះ

0

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន (Wang Wenbin) បាននិយាយកាលពីថ្ងៃចន្ទដោយអធិប្បាយទៅលើសេចក្តីថ្លែងការណ៍របស់លោក ម៉ាក្រុន កាលពីពេលថ្មីៗនេះថា ប្រទេសចិនសង្ឃឹមថាប្រទេសទាំងអស់នឹងយល់អំពីខ្លឹមសារនៃបញ្ហាកោះតៃវ៉ាន់ និងប្រឆាំងដាច់ខាតចំពោះទម្រង់ណាមួយនៃឯករាជ្យភាពរបស់កោះនេះ។

លោក វ៉ាង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងសង្ឃឹមថា ប្រទេសទាំងអស់នឹងយល់ពីខ្លឹមសារនៃបញ្ហាកោះតៃវ៉ាន់ ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះគ្រប់ទម្រង់នៃសកម្មភាពឯករាជ្យភាព និងការបំបែកខ្លួនរបស់កោះតៃវ៉ាន់»។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺសកម្មភាពផ្តាច់ខ្លួននាពេលបច្ចុប្បន្ននៅលើកោះនេះ ដោយមានការចូលរួម និងគាំទ្រពីទីក្រុងវ៉ាស៊ីនតោន។

លោក ម៉ាក្រុន បានបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន ក្នុងអំឡុងពេលដែលលោកបានលើកសរសើរអំពីតួនាទីរបស់ទីក្រុងប៉េកាំងក្នុងឆាកអន្តរជាតិ និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងបារាំង-ចិនក្នុងវិស័យផ្សេងៗ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ម៉ាក្រុន បានជួបពិភាក្សាអស់រយៈពេល ១ម៉ោងកន្លះជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ព្រមទាំងបានជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន លោក ហ្សៅ ឡេជី (Zhao Leji)។

ស្ថានភាពជុំវិញបញ្ហាកោះតៃវ៉ាន់បានកើនឡើងកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីប្រធានសភាសហរដ្ឋអាមេរិក លោកស្រី នែនស៊ី ផេឡូស៊ី (Nancy Pelosi) បានធ្វើដំណើរទស្សនកិច្ចទៅកាន់កោះនេះ។ ទីក្រុងប៉េកាំងបានថ្កោលទោសចំពោះដំណើរទស្សនកិច្ចរបស់លោក ផេឡូស៊ី នេះ ដែលខ្លួនបានចាត់ទុកថាជាកាយវិការនៃការគាំទ្រចំពោះការបំបែកខ្លួន ហើយបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ជុំវិញកោះតៃវ៉ាន់។ ថ្វីបើមានប្រតិកម្មយ៉ាងស្រួចស្រាវរបស់ប្រទេសចិនក៏ដោយ ក៏ដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី បានធ្វើឱ្យមានការធ្វើដំណើរទស្សនកិច្ចជាបន្តបន្ទាប់ទៀតរបស់អ្នកនយោបាយលោកខាងលិចទៅកាន់កោះនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន