ប្រទេសកូរ៉េខាងជើង ប្រតិកម្មទៅលើសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង

0

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងបានសម្រេចចិត្តចាត់វិធានការសំខាន់ និងជាក់ស្តែង សម្រាប់ប្រើប្រាស់ការវាយលុកនៃការរារាំងសង្គ្រាម ដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្តើមសមយុទ្ធយោធារួមគ្នារបស់ពួកគេនៅក្នុងសប្តាហ៍នេះ។

សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំធំមួយនៃគណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សពលករកូរ៉េ (WPK) ក្រោមអធិបតីភាពមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល គ្រោងនឹងចាប់ផ្តើមសមយុទ្ធ Freedom Shield (FS) នៅថ្ងៃចន្ទនេះ សម្រាប់រយៈពេល ១១ថ្ងៃ រួមជាមួយនឹងការធ្វើសមយុទ្ធទ្រង់ទ្រាយធំដែលហៅថា Warrior Shield ។

សារព័ត៌មាន KCNA បាននិយាយថា «កិច្ចប្រជុំនោះបានពិភាក្សា និងអនុម័តនូវជំហានជាក់ស្តែងសំខាន់ៗសម្រាប់ការធ្វើឱ្យកាន់តែមានប្រសិទ្ធភាព ថាមពល និងការប្រើប្រាស់ការវាយលុកនៃការរារាំងសង្រ្គាមរបស់ប្រទេសនេះក្នុងការទប់ទល់នឹងស្ថានភាពបច្ចុប្បន្ន ដែលបណ្តាលមកពីការបង្កហេតុសង្រ្គាមរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែើកំពុងឈានដល់បន្ទាត់ក្រហម»។ ប៉ុន្តែវាមិនបានបញ្ជាក់ថា តើវិធានការជាក់ស្តែងទាំងនោះជាវិធានការអ្វីខ្លះនោះទេ។

ប្រទេសកូរ៉េខាងជើងត្រូវបានគេរំពឹងថានឹងធ្វើការសាកល្បងអាវុធស្របពេលជាមួយនឹងការធ្វើសមយុទ្ធយោធារួមរបស់សម្ព័ន្ធមិត្ត ដែលទីក្រុងព្យុងយ៉ាងបានបដិសេធជាយូរមកហើយថាជាសមយុទ្ធសម្រាប់ការឈ្លានពាន។

នៅពេលមុននេះ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោកស្រី គីម យ៉ូជុង (Kim Yo-jong) បានព្រមានថា ប្រទេសកូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការ «លើសលប់» ប្រឆាំងនឹងសកម្មភាពយោធាដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕

ប្រភព៖ ក្រសួងព័ត៌មាន