ហុងកុង បញ្ជូនជំនួយមានតម្លៃប្រមាណ ៣,៨២លានដុល្លារអាម៉េរិក ទៅកាន់ប្រទេសតួកគី

0

បរទេស៖ លោក ចន លី (John Lee) នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បាននិយាយថា រដ្ឋាភិបាល HKSAR បញ្ជូនការផ្គត់ផ្គង់ជំនួយដែលមានតម្លៃប្រមាណ ៣០លានដុល្លារហុងកុង (ប្រហែល ៣,៨២លានដុល្លារអាម៉េរិក) ទៅកាន់តំបន់រងគ្រោះដោយការរញ្ជួយដីនៅក្នុងប្រទេសតួកគី ។

លោក លី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយមុនពេលកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិថា រដ្ឋាភិបាល HKSAR បានផ្តល់នូវជំនួយសង្គ្រោះបន្ទាន់មួយដែលរួមមានតង់ សម្លៀកបំពាក់ ភួយ ឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត ដែលត្រូវបញ្ជូនទៅតំបន់រងគ្រោះដោយសារការរញ្ជួយដីនៅប្រទេសតួកគី។

លោកបាននិយាយថា ការផ្គត់ផ្គង់ដែលមានទម្ងន់ជាង ១០០តោនដែលផ្តល់ដោយពលរដ្ឋហុងកុងនេះត្រូវបានបញ្ជូនទៅកាន់ប្រទេសតួកគីកាលពីល្ងាចថ្ងៃចន្ទ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេះត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានអាណាដូលូ (Anadolu) ថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅតួកគីបានកើនឡើងដល់ ៣១.៦៤៣នាក់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតបានរងរបួស។

កាលពីថ្ងៃពុធសប្តាហ៍មុន រដ្ឋាភិបាល HKSAR បានបញ្ជូនក្រុមស្វែងរក និងជួយសង្គ្រោះដែលមានសមាជិកចំនួន ៥៩នាក់ រួមទាំងមន្ត្រីមកពីនាយកដ្ឋានផ្សេងៗ ដូចជានាយកដ្ឋានសន្តិសុខ សេវាអគ្គីភ័យ អន្តោប្រវេសន៍ និងសុខភាព ទៅកាន់តំបន់ដែលរងគ្រោះដោយការរញ្ជួយដីនៅក្នុងប្រទេសតួកគីនោះផងដែរ។

លោក លី បាននិយាយថា លោកសូមកោតសរសើរដល់ក្រុមជួយសង្គ្រោះ HKSAR ដែលបានជួយដល់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅក្នុងប្រទេសតួកគី ដោយក្នុងអំឡុងពេលនោះ អ្នករស់រានមានជីវិតចំនួន ៤នាក់ត្រូវបានជួយសង្គ្រោះ៕

ប្រភព៖ ក្រសួងព័ត៌មាន