អ្នកស្លាប់កើនឡើង ៣២នាក់ និងរបួស ១៤៧នាក់​ក្នុងហេតុការណ៍ផ្ទុះមួយ នៅវិហារអ៊ីស្លាមមួយក្នុងទីក្រុង Peshawar

0

បរទេស៖ យ៉ាងហោចណាស់មនុស្ស ៣២នាក់ត្រូវបានសម្លាប់ និង ១៤៧នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះនៅឯវិហារអ៊ីស្លាមមួយក្នុងទីក្រុង Peshawar ដែលនៅមិនឆ្ងាយពីព្រំដែនរបស់ប្រទេសប៉ាគីស្ថានជាមួយប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមទូរទស្សន៍ Geo TV បានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់ពីប្រភពមន្ត្រីសន្តិសុខជាតិ។

យោងតាមមន្រ្តីទាំងនោះបានឱ្យដឹងថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រឿងផ្ទុះក្នុងអំឡុងពេលអធិស្ឋានពេលថ្ងៃត្រង់នៅឯវិហារអ៊ីស្លាមដែលមានមនុស្សជាច្រើនបានប្រមូលផ្តុំគ្នា ដោយមានទាំងមន្ត្រីយោធា និងមន្រ្តីប៉ូលីសនៅក្នុងចំណោមមនុស្សជាច្រើននោះផងដែរ។ ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តនៅនឹងកន្លែង ហើយតួលេខអ្នកស្លាប់អាចនឹងមានការកើនឡើង។ មនុស្សរហូតដល់ ៥០០នាក់អាចនៅខាងក្នុងវិហារនោះក្នុងអំឡុងពេលមានការផ្ទុះ។

ប៉ុស្តិ៍ទូរទស្សន៍នោះបានរាយការណ៍ថា ក្រុម Tehreek-e-Taliban-e-Pakistan (ក្រុមតាលីបង់ប៉ាគីស្ថាន) ដែលជាក្រុមក្រៅច្បាប់នៅក្នុងប្រទេសប៉ាគីស្ថានបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

អាជ្ញាធរក្នុងទីក្រុង Peshawar បានប្រកាសអាសន្នផ្នែកវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យទាំងអស់ក្នុងទីក្រុង ហើយបានបញ្ជាឱ្យភ្នាក់ងារជួយសង្គ្រោះបង្កើនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ៕

ប្រភព៖ ក្រសួងព័ត៌មាន