បរទេស៖ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីថ្ងៃពុធបានឱ្យដឹងថា កំណើនទិន្នផលពិភពលោកត្រូវបានព្យាករថានឹងមានការថយចុះពី ៣% កាលពីក្នុងឆ្នាំ២០២២ ដល់ ១,៩% នៅក្នុងឆ្នាំ ២០២៣ ដែលជាអត្រាកំណើនទាបបំផុតមួយក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។
របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យឆ្នាំ២០២៣ របស់អង្គការសហប្រជាជាតិបានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងក្នុងកម្រិតមធ្យមទៅដល់ ២,៧% នៅក្នុងឆ្នាំ២០២៤ ខណៈដែលម៉ាក្រូសេដ្ឋកិច្ចមួយចំនួនត្រូវបានគេរំពឹងថានឹងចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំក្រោយ។
របាយការណ៍នេះបាននិយាយថា ចំពេលដែលមានអតិផរណាខ្ពស់ ការរឹតបន្តឹងរូបិយវត្ថុដ៏ខ្លាំងក្លា និងការកើនឡើងនូវភាពមិនច្បាស់លាស់ ការធ្លាក់ចុះនាពេលបច្ចុប្បន្ននេះបានធ្វើឱ្យល្បឿននៃការងើបឡើងវិញនៃសេដ្ឋកិច្ចមានការយឺតយ៉ាវពីវិបត្តិជំងឺកូវីដ១៩ ដោយបានគំរាមកំហែងដល់ប្រទេសមួយចំនួនរួមទាំងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ ជាមួយនឹងទស្សនវិស័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២៣ ។
វាបាននិយាយថា សន្ទុះកំណើនធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសអភិវឌ្ឍសេដ្ឋកិច្ចផ្សេងៗទៀតនៅក្នុងឆ្នាំ២០២២ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកតាមរយៈបណ្តាញមួយចំនួន។
របាយការណ៍នេះបាននិយាយបន្ថែមថា នៅសហរដ្ឋអាមេរិក ផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានព្យាករថានឹងកើនឡើងត្រឹមតែ ០,៤% នៅក្នុងឆ្នាំ២០២៣ បន្ទាប់ពីមានការប៉ាន់ស្មាននូវកំណើនចំនួន ១,៨% កាលពីក្នុងឆ្នាំ២០២២៕
ប្រភព៖ ក្រសួងព័ត៌មាន