រុស្ស៊ីរំពឹងថាកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកលើកទី២ នឹងធ្វើអោយទំនាក់ទំនងទ្វេរភាគីឈាន់ដល់កម្រិតថ្មីមួយទៀត

0

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូរំពឹងថា កិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកលើកទី២ នឹងធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនជាមួយទ្វីបមួយនេះឆ្ពោះទៅកាន់កម្រិតថ្មីមួយ។

លោក ឡាវរ៉ូវ បានចង្អុលបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូង លោក ណាលេឌី ប៉ាន់ដូរ ថា «យើងបាននិយាយគ្នាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកលើកទី២ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង St. Petersburg ក្នុងខែកក្កដាខាងមុខ។ យើងជឿជាក់ថា លទ្ធផលរបស់វានឹងផ្អែកទៅលើការងារដែលបានធ្វើចាប់តាំងពីកិច្ចប្រជុំកំពូលលើកដំបូងដែលបានធ្វើឡើងនៅទីក្រុងសូជី ក្នុងរដូវស្លឹកឈើជ្រុះកាលពីឆ្នាំ២០១៩ ហើយវានឹងជួយលើកកម្ពស់ទំនាក់ទំនងរបស់យើងទៅកាន់កម្រិតថ្មីមួយ»។

អ្នកការទូតកំពូលរុស្ស៊ីរូបនេះបាននិយាយបន្ថែមថា «យើងបានឃើញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាគីមិត្តអាហ្រ្វិកខាងត្បូងរបស់យើងក្នុងការធ្វើឱ្យប្រាកដថា ព្រឹត្តិការណ៍នេះនាំមកនូវកិច្ចព្រមព្រៀងដ៏មានអត្ថន័យមួយចំនួន»។

មូលនិធិ Roscongress បានប្រកាសនៅពេលមុននេះថា កិច្ចប្រជុំកំពូល និងវេទិកាសេដ្ឋកិច្ចរុស្ស៊ី-អាហ្រ្វិកលើកទី២ គ្រោងធ្វើឡើងនៅថ្ងៃទី២៦-២៩ ខែកក្កដា។ ព្រឹត្តិការណ៍ដំបូងដែលមានប្រធានបទ «ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ» បានធ្វើឡើងនៅរមណីយដ្ឋានសមុទ្រខ្មៅនៃទីក្រុងសូជីរបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០១៩៕

ប្រភព៖ ក្រសួងព័ត៌មាន