ប្រទេសក្រិក មិនដាក់ចេញនូវវិធានការរឹតបន្តឹងទៅលើអ្នកដំណើរមកពីប្រទេសចិនជុំវិញនឹងជំងឺកូវីដ១៩

0

បរទេស៖ អង្គការសុខភាពសាធារណៈជាតិរបស់ប្រទេសក្រិក (EODY) បានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសក្រិកគ្មានចេតនាដាក់ចេញនូវវិធានការរឹតបន្តឹងទៅលើអ្នកដំណើរមកពីប្រទេសចិនជុំវិញនឹងជំងឺកូវីដ១៩ នោះទេ។

អង្គការ EODY បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «ប្រទេសរបស់យើងនឹងមិនដាក់ចេញនូវវិធានការរឹតបន្តឹងសម្រាប់ការធ្វើដំណើរអន្តរជាតិទេ ដោយយើងនឹងអនុលោមទៅតាមអនុសាសន៍របស់បណ្តាអង្គការអន្តរជាតិ និង EU»។

សេចក្តីថ្លែងការណ៍នោះបាននិយាយបន្ថែមថា ការកើនឡើងនៃករណីឆ្លងថ្មីៗនៅក្នុងប្រទេសចិនបន្ទាប់ពីការបន្ធូរបន្ថយវិធានការឆ្លើយតបនឹងជំងឺកូវីដ១៩ មិនបានជំរុញឱ្យមានការព្រួយបារម្ភច្រើនអំពីដំណើរនៃជំងឺរាតត្បាតនោះទេ ព្រោះថាបច្ចុប្បន្នមិនមានភស្តុតាងណាមួយដែលបង្ហាញថាមានវ៉ារ៉្យង់ថ្មីនោះទេ។

អង្គការ EODY បាននិយាយថា អាជ្ញាធរក្រិកនៅតែមានការប្រុងប្រយ័ត្នដើម្បីការពារសុខភាពសាធារណៈ ខណៈដែលសហភាពអឺរ៉ុប (EU) តាមដានការវិវឌ្ឍន៍យ៉ាងដិតដល់ដោយសារតែការទៅដល់របស់ប្រជាជនពីប្រទេសចិនទៅកាន់បណ្តារដ្ឋជាសមាជិក EU នៅពេលដែលប្រទេសចិនលុបចោលវិធានការរឹតបន្តឹងការធ្វើដំណើរអន្តរជាតិកាលពីដើមខែមករានេះ៕

ប្រភព៖ ក្រសួងព័ត៌មាន