ថ្នាក់ដឹកនាំកូរ៉េខាងត្បូង និយាយប្រាប់ឯកឧត្តម ស៊ី ជីនពីង ថា តួនាទីរបស់ចិនមានសារៈសំខាន់ណាស់សម្រាប់សេរីភាព សន្តិភាព និងវិបុលភាព

0

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង ឯកឧត្តម យូន ស៊ុកយុល បានប្រាប់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង ថា តួនាទីរបស់ចិនមានសារៈសំខាន់ណាស់សម្រាប់សេរីភាព សន្តិភាព និងវិបុលភាព ខណៈដែលពួកគេបានរៀបចំកិច្ចប្រជុំកំពូលលើកដំបូងរបស់ខ្លួននៅកោះបាលីកាលពីថ្ងៃអង្គារ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំដែលធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 នោះ ឯកឧត្តម យូន ក៏បាននិយាយផងដែរថា ឯកឧត្តមសង្ឃឹមថានឹងធ្វើការងាររួមគ្នាមិនត្រឹមតែដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទោលើបញ្ហានានារបស់ពិភពលោកផងដែរ ដូចជាការប្រែប្រួលអាកាសធាតុ និងថាមពលជាដើម។

ឯកឧត្តមបាននិយាយថា «គោលដៅការទូតរដ្ឋាភិបាលរបស់យើង គឺដើម្បីដឹកនាំ និងរួមចំណែកដល់សេរីភាព សន្តិភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ីបូព៌ា និងសហគមន៍អន្តរជាតិ។ តួនាទីរបស់ចិនមានសារៈសំខាន់ណាស់ក្នុងការស្វែងរកសេរីភាព សន្តិភាព និងវិបុលភាពក្នុងសហគមន៍អន្តរជាតិ»។

ឯកឧត្តម យូន បាននិយាយថា វាជាផលប្រយោជន៍របស់ប្រទេសទាំងពីរក្នុងការទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងសហប្រតិបត្តិការជាមួយគ្នា ហើយកូរ៉េខាងត្បូងនឹងធ្វើការងារសម្រាប់ភាពចាស់ទុំនៃទំនាក់ទំនងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។

កិច្ចប្រជុំកំពូលនេះ ជាជំនួបលើកដំបូងរវាង ឯកឧត្តម យូន និងឯកឧត្តម ស៊ី ជីនពីង មានរយៈពេល ២៥នាទី។

ឯកឧត្តម ស៊ី បានពណ៌នាថា ប្រទេសទាំងពីរថាជាអ្នកជិតខាងដ៏ជិតស្និទ្ធដែលមិនអាចផ្លាស់ទីទៅឆ្ងាយ និងជាដៃគូដែលមិនអាចបំបែកបាន ក្នុងអំឡុងពេលដែលកំពុងមានបញ្ហាប្រឈមសកលដែលមិនធ្លាប់មានពីមុនមក។

ឯកឧត្តម បាននិយាយថា «យើងមានទំនួលខុសត្រូវដ៏សំខាន់ក្នុងការរក្សាសន្តិភាពក្នុងតំបន់ និងការលើកកម្ពស់វិបុលភាពសកលលោក ហើយបានរួមចំណែកយ៉ាងទូលំទូលាយនៅក្នុងផលប្រយោជន៍របស់គ្នាទៅវិញទៅមក»៕

ប្រភព៖ ក្រសួងព័ត៌មាន