បរទេស៖ សហរដ្ឋអាមេរិកបានថ្កោលទោសចំពោះការបាញ់គ្រាប់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង ខណៈដែលបានអំពាវនាវឱ្យរដ្ឋចចេសរឹងរូសមួយនេះចូលរួមក្នុងកិច្ចសន្ទនាសំខាន់ៗ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ការបាញ់គ្រាប់មីស៊ីលគឺបានរំលោភទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
អ្នកនាំពាក្យរូបនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ក្នុងលក្ខខណ្ឌអនាមិកថា «សហរដ្ឋអាមេរិកថ្កោលទោសចំពោះការបាញ់គ្រាប់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង។ ការបាញ់ទាំងនោះ គឺបំពានទៅលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានអនុម័តជាឯកច្ឆ័ន្ទដោយក្រុមប្រឹក្សា ហើយជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់»។
ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់កាលពីថ្ងៃសុក្រសប្តាហ៍មុន (ម៉ោងនៅទីក្រុងសេអ៊ូល)។
រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោងសរុបចំនួន ៤៦គ្រាប់ហើយនៅក្នុងឆ្នាំនេះ ដែលជាចំនួនគ្រាប់មីស៊ីលផ្លោងច្រើនបំផុតដែលត្រូវបានបាញ់ក្នុងរយៈពេលតែមួយឆ្នាំ។
អ្នកនាំពាក្យក្រសួងបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការចូលរួមក្នុងកិច្ចការងារទូត ប៉ុន្តែបាននិយាយថា កូរ៉េខាងជើងបដិសេធមិនធ្វើដូច្នេះទេ។ អ្នកនាំពាក្យបាននិយាយថា «យើងបន្តស្វែងរកកិច្ចសន្ទនាសំខាន់ៗ និងប្រកបដោយចីរភាពជាមួយកូរ៉េខាងជើង ប៉ុន្តែកូរ៉េខាងជើងបដិសេធមិនចូលរួម»៕
ប្រភព៖ ក្រសួងព័ត៌មាន