បរទេស៖ ទីក្រុងសៀងហៃរបស់ប្រទេសចិនបានចាប់ផ្តើមគ្រប់គ្រងលើវិសាលភាពវ៉ាក់សាំងការពារមេរោគឆ្លង COVID-19 ដោយអាចស្រូបចូលតាមាត់បាន ជំនួសឲ្យវ៉ាក់សាំងប្រភេទចាក់ចូលសាច់មនុស្ស នៅក្នុងអ្វីដែលពិភពលោកកំពុងមើលឃើញថាជារបកគំហើញថ្មីដំបូងគេបង្អស់។
វ៉ាក់សាំងប្រភេទជាផ្សែងអ័ព្ទ ដែលត្រូវបានស្រូបចូលតាមមាត់ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃក្នុងកម្រិតជាវ៉ាក់សាំងដូសជំរុញសម្រាប់ពលរដ្ឋដែលធ្លាប់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចមមកហើយ នេះបើយោងតាមសេចក្តីប្រកាសមួយដែលបានបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ទីក្រុងសៀងហៃ។ វ៉ាក់សាំងដែលគ្មានភ្ជាប់ម្ជុលចាក់ចូលសាច់អាចជាវិធីល្អបំផុតដើម្បីបញ្ចុះបញ្ចូលមនុស្សដែលមិនចូលចិត្តចាក់វ៉ាក់សាំងដោយម្ជុលឲ្យមកទទួលឲ្យបានច្រើន ក៏ដូចជាជួយពង្រីកវិធានការចាក់វ៉ាក់សាំងនៅក្នុងប្រទេសក្រីក្រ ដោយសារតែពួកគេងាយនឹងឆាប់យល់ពីការណែនាំនៃរបៀបប្រើប្រាស់ដោយខ្លួនឯង។
ប្រទេសចិនមិនមានអាណត្តិវ៉ាក់សាំងទេ ប៉ុន្តែប្រទេសចិនចង់ឱ្យមនុស្សកាន់តែច្រើនទទួលបានថ្នាំបង្ការមេរោគ មុនពេលដែលវិធានការបន្ធូរបន្ថយលើស្ថានភាពរឹតត្បិតនៃជំងឺរាតត្បាតដែលកំពុងរារាំងដង្ហើមសេដ្ឋកិច្ចនិងមានកំណើនកាន់តែខ្លាំងឡើងដែរ ដោយវាមិនមានភាពស៊ីសង្វាក់គ្នាជាមួយប្រទេសដទៃទៀតនៅលើពិភពលោក។
រូបភាពវីដេអូមួយរបស់ស្ថាប័ន Shanghai Media Group បានបង្ហាញសកម្មភាពរបស់ពលរដ្ឋនៅមណ្ឌលសុខភាពសហគមន៍មួយទទួលពែងសថ្លាពីគ្រូពេទ្យរួចបើកមាត់ស្រូបយកសារធាតុម្យ៉ាងជាវ៉ាក់សាំងការពារចូលក្នុងខ្លួនរបស់ពួកគេតែម្តង។ ការណែនាំអំពីការប្រើប្រាស់នៅមណ្ឌលសុខភាពនេះបាន ស្នើឱ្យមនុស្សត្រូវស្រូបយកផ្សែងនោះឱ្យជ្រៅក្នុងមាត់របស់ពួកគេ រហូតទាល់តែគ្មានសារធាតុផ្សែង aerosol នៅសល់ក្នុងពែងថ្លានោះឡើយ បន្ទាប់មកតម្រូវឱ្យពួកគេដកដង្ហើមរយៈពេល៥វិនាទីជាការស្រេច ៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា