បរទេស៖ ក្នុងអំឡុងពេលនៃកិច្ចសន្ទនាកាលពីពេលថ្មីៗនេះ ស្តីពីវិស័យអាកាសចរណ៍នៅទីក្រុងហ្សាការតា រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ី លោក លូហ៊ុត ប៊ីនសារ ប៉ាន់ចៃតាន់ បានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនូវវិស័យអាកាសចរណ៍ក្រោយជំងឺរាតត្បាត។
លោកត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលបាននិយាយនៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធអនឡាញ ស្តីពី «វិធានការហិរញ្ញវត្ថុសម្រាប់ការស្តារវិស័យអាកាសចរណ៍ឡើងវិញ» ថា វិស័យអាកាសចរណ៍ គឺជាវិស័យដ៏សំខាន់មួយសម្រាប់ការជំរុញសេដ្ឋកិច្ចពិភពលោក។
លោកបានលើកឡើងនូវអាទិភាពសំខាន់ៗចំនួនបួនដែលត្រូវតែគិតគូរ ដើម្បីស្តារឧស្សាហកម្មអាកាសចរណ៍ឡើងវិញ ពោល គឺការពន្លឿនការស្តារឡើងវិញនូវការតភ្ជាប់ផ្លូវអាកាសដែលមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម រៀបចំការស្តារឡើងវិញដែលមានការយកចិត្តទុកដាក់ទៅលើអនាគតប្រកបដោយចីរភាព និងការអភិរក្សបរិស្ថាន ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស ស្ថាប័នហិរញ្ញវត្ថុ និងវិស័យឯកជនអន្តរជាតិនានា ព្រមទាំងទាញយកអត្ថប្រយោជន៍ពីឌីជីថលនីយកម្ម និងនវានុវត្តន៍បច្ចេកវិទ្យា។
ទន្ទឹមនឹងនេះដែរ ប្រធានអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ លោក សាល់វ៉ាតូរេ ស៊ីអាកជីតាណូ បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការស្តារឧស្សាហកម្មអាកាសចរណ៍ឡើងវិញ។
លោកបាននិយាយថា តួនាទីរបស់ប្រទេសឥណ្ឌូណេស៊ី គឺលើកយកបញ្ហាអាកាសចរណ៍មកជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់ក្នុងអំឡុងពេលធ្វើជាប្រធាននៃក្រុមប្រទេស G20 របស់ប្រទេសឥណ្ឌូណេស៊ី ដោយលោកបាននិយាយបន្ថែមថា ឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ ទៅលើឧស្សាហកម្មអាកាសចរណ៍ គឺពិតជាធ្ងន់ធ្ងរណាស់។
មុនពេលមានជំងឺរាតត្បាតកូវីដ-១៩ មនុស្សប្រមាណ ៤,៥ប៊ីលាននាក់បានធ្វើដំណើរតាមយន្តហោះជារៀងរាល់ឆ្នាំ។ បើទោះបីជាយ៉ាងណាក៏ដោយ ចំនួននេះបានធ្លាក់ចុះ ៦០% ក្នុងអំឡុងពេលមានជំងឺរាតត្បាត ដោយលោកបានចង្អុលបង្ហាញដោយគូសបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីចំពោះក្រុមហ៊ុនអាកាសចរណ៍ និងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនល្បឿននៃការស្តារវិស័យនេះឡើងវិញ។
លោកបានស្វាគមន៍បន្ថែមទៀតចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការតភ្ជាប់ផ្លូវអាកាសដ៏ទូលំទូលាយបន្ថែមទៀតរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) ដែលត្រូវបានរំពឹងថានឹងជួយពន្លឿនដល់ការស្តារវិស័យអាកាសចរណ៍នៅក្នុងតំបន់ទាំងពីរ និងនៅលើពិភពលោក៕
ប្រភព៖ ក្រសួងព័ត៌មាន