បរទេស៖ ការិយាល័យសារព័ត៌មានរបស់សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងថាមពលសហរដ្ឋអាមេរិកគ្រោងនឹងប្រកាស ស្តីពីការលក់ប្រេងឆៅបន្ថែមចំនួន ១៥លានបារ៉ែលពីទុនប្រេងបម្រុងយុទ្ធសាស្ត្ររបស់ខ្លួនក្នុងគោលបំណងកាត់បន្ថយតម្លៃប្រេងនៅក្នុងប្រទេស។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ដំបូង ក្រសួងថាមពល (DOE) នឹងចេញសេចក្តីជូនដំណឹងស្តីពីការលក់ប្រេងឆៅនោះនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលានេះ សម្រាប់ចំនួន ១៥លានបារ៉ែលពីស្តុកទុកប្រេងយុទ្ធសាស្ត្រ (SPR) ដែលនឹងធ្វើការចែកចាយនៅក្នុងខែធ្នូខាងមុខ។ ការលក់នេះនឹងបញ្ចប់នូវយុទ្ធសាស្រ្តជាប្រវត្តិសាស្ត្រនៃការបញ្ចេញប្រេងឆៅចំនួន ១៨០លានបារ៉ែលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាសកាលពីនិទាឃរដូវ ដែលបានជួយធ្វើឱ្យទីផ្សារប្រេងឆៅនៅក្នុងប្រទេសមានស្ថិរភាព និងកាត់បន្ថយតម្លៃ»។
យោងតាមសេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា ប្រធានាធិបតីក៏កំពុងអំពាវនាវឱ្យ DOE ត្រៀមខ្លួនដើម្បីឆ្ពោះទៅមុខជាមួយនឹងការលក់ SPR ដ៏សំខាន់បន្ថែមទៀតនៅរដូវរងានេះផងដែរ ប្រសិនបើមានការចាំបាច់។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នេះថា «ទី២-ប្រធានាធិបតីកំពុងប្រកាសថា រដ្ឋបាលលោកមានបំណងទិញប្រេងឆៅឡើងវិញសម្រាប់ SPR នៅពេលដែលតម្លៃនៅដដែល ឬទាបជាងនេះ ប្រហែល ៦៧-៧២ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល។ ទី៣- ប្រធានាធិបតីកំពុងអំពាវនាវដល់ក្រុមហ៊ុននានាកាត់បន្ថយការចំណាយថាមពលទាបដល់អ្នកប្រើប្រាស់ភ្លាមៗ»។
សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា «លំហូរនៃការផ្គត់ផ្គង់ប្រេងឆៅសកលនៅតែជាបញ្ហាប្រឈមមួយ ដោយសារផ្នែកធំនៃអស្ថិរភាពដែលកំពុងបន្ត ដែលត្រូវបានចោទប្រកាន់ថាបណ្តាលមកពីសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ដើម្បីជួយរក្សាស្ថិរភាពទីផ្សារ និងបង្កើនការផ្គត់ផ្គង់នៅពេលប្រឈមមុខនឹងបញ្ហាប្រឈមទាំងនេះ DOE នឹងលក់ប្រេងឆៅចំនួន ១៥លានបារ៉ែលពី SPR សម្រាប់ចែកចាយក្នុងខែធ្នូ ដោយចេញសេចក្តីជូនដំណឹងស្តីពីការលក់នេះព្រឹកថ្ងៃនេះ»៕
ប្រភព៖ ក្រសួងព័ត៌មាន