អាជ្ញាធរក្រុង​ Stockton ចាប់បុរសម្នាក់ ក្រោយ​ជាប់​សង្ស័យ​ពី​បទ​សម្លាប់​មនុស្ស​សរុប​ចំនួន​ ០៦​នាក់

0

បរទេស៖ កាលពី​ថ្ងៃ​សៅរ៍​ នគរបាល​នៅ​ទីក្រុង​ Stockton​ រដ្ឋ​ California​ បាន​និយាយ​ថា​ បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​ជាប់​សង្ស័យ​ពី​បទ​សម្លាប់​មនុស្ស​សរុប​ចំនួន​ ០៦​នាក់​ នៅ​ក្នុង​ឃាតកម្ម​ផ្សេងៗ​គ្នា​ជា​ច្រើន​ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​នៅ​តំបន់​ភាគ​ខាងជើង​រដ្ឋ​ California​។​

​ស្នងការ​ក្រុង​ Stockton​ លោក​ Stanley​ McFadden​ បាន​និយាយ​ថា​ អរគុណ​ចំពោះ​ការងារ​ស្រាវជ្រាវ​ និង​ការ​ស៊ើបអង្កេត​ ដែល​អាច​ឲ្យ​ក្រុម​អាជ្ញាធរ​តាម​ស្វែងរក​ឃើញ​ជនសង្ស័យ​ម្នាក់​នោះ​ និង​បាន​ឃាត់​ដំណើរ​ ខណៈ​ពេល​ដែល​កំពុង​បើកបរ​ក្នុង​ទីក្រុង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។​

​លោក​ McFadden​ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​ ជនសង្ស័យ​ស្លៀកពាក់​ឈុត​ខ្មៅ​ មាន​របាំងមុខ​ជុំវិញ​ក​ និង​កាន់​កាំភ្លើង​នៅ​ពេល​ដែល​ក្រុម​ស៊ើបអង្កេត​បាន​បញ្ឈប់​ឡាន​នោះ​ “​អំឡុង​ពេល​ដែល​ជន​នោះ​កំពុង​មាន​បំណង​ធ្វើឃាត​កម្ម​មួយទៀត​”​។​ លោក​បាន​បន្ថែម​ទៀត​ថា​ “​យើង​ប្រាកដ​ថា​ យើង​បាន​បញ្ឈប់​ឃាតកម្ម​ផ្សេង​ទៀត​”​។​

​លោក​ McFadden​ បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​មានឈ្មោះ​ Wesley​ Brownlee​ អាយុ​ ៤៣​ឆ្នាំ​។​ កាលពី​ដើមខែ​នេះ​ ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា​ ការ​បាញ់ប្រហារ​ទាំងនោះ​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​មុន​ និង​បន្ត​រហូត​ដល់​ខែកញ្ញា​ ដែល​ការ​ពិនិត្យ​បាន​បង្ហាញ​ថា​មានការ​ជាប់​ទាក់ទង​គ្នា​ ដោយ​មាន​ភ័ស្តុតាង​នៃ​ការ​ប្រើប្រាស់​អាវុធ​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ