លោក ពូទីន គ្រោងនឹងជួបប្រជុំជាមួយសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ

0

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បានប្រាប់សារព័ត៌មានតាសស៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងបើកកិច្ចប្រជុំប្រតិបត្តិការជាមួយសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃចន្ទនេះ។

លោកបាននិយាយបន្ថែមថា «នៅថ្ងៃនេះ លោកប្រធានាធិបតីគ្រោងនឹងជួបប្រជុំជាមួយសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ»។

លោក ប៉េស្កូវ មិនបានបញ្ជាក់ថា តើស្ថានភាពជាមួយស្ពានគ្រីមៀ នឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំនោះឬអត់នោះទេ។ លោកបាននិយាយថា «យើងនឹងប្រាប់អ្នក ដោយយោងទៅតាមលទ្ធផលនៃកិច្ចប្រជុំនោះ»។

សូមរំលឹកថា កាលពីព្រឹកថ្ងៃសៅរ៍ ឡានដឹកទំនិញមួយបានផ្ទុះនៅលើស្ពានគ្រីមៀ ដោយបានបាក់ផ្នែកខាងកើតនៃផ្នែកផ្លូវរបស់វា ហើយក្រោយមកបានឆាបឆេះធុងសាំងនៅលើផ្នែកផ្លូវដែកដាច់ដោយឡែកពីគ្នានៃស្ពាន។ ជាលទ្ធផលនៃការផ្ទុះនោះបានបណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់។ គណៈកម្មការរដ្ឋាភិបាលដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ម៉ារ៉ាត ឃូសនុលលីន ត្រូវបានបង្កើតឡើងបន្ទាប់ពីឧបទ្ទវហេតុនេះ។

ចរាចរណ៍ផ្លូវដែកត្រូវបានស្តារឡើងវិញនៅលើស្ពាន ដែលមួយផ្នែកក៏ត្រូវបានបើកឡើងវិញសម្រាប់រថយន្តក្រុង និងរថយន្តទូទៅផងដែរ។ លោក ពូទីន តែងតែជួបប្រជុំប្រតិបត្តិការជាមួយក្រុមប្រឹក្សាសន្តិសុខ ត្រូវបានធ្វើឡើងរៀងរាល់សប្តាហ៍៕

ប្រភព៖ ក្រសួងព័ត៌មាន