បរទេស៖ ស្ថានភាពទឹកបានឡើងខ្លាំងនៅទូទាំងប្រទេសថៃ។ នាយករដ្ឋមន្រ្តីថៃនឹងទៅកាន់ខេត្តខនកែន និងខេត្តអ៊ូប៊ុនរ៉ាចាថានី នៅថ្ងៃនេះ ដើម្បីពិនិត្យមើលការឆ្លើយតប និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយក្នុងតំបន់។
លោកនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា បានចូលរួមកិច្ចប្រជុំជាមួយអភិបាលខេត្តទូទាំងប្រទេស និងតំណាងស្ថាប័នដែលទទួលខុសត្រូវក្នុងការដោះស្រាយស្ថានភាពទឹក។ ក្នុងអំឡុងពេលសន្និសីទតាមវីដេអូ លោកឧត្តមសេនីយ៍ ប្រាយុធ បានសម្តែងការព្រួយបារម្ភចំពោះប្រជាជនរាល់គ្នាដែលរងគ្រោះដោយទឹកជំនន់។ លោកបានអះអាងថា លោកមិនព្រងើយកន្តើយចំពោះស្ថានភាពទឹកទេ ដោយលោកបាននិយាយថា រដ្ឋាភិបាលបានត្រៀមខ្លួន ហើយនឹងជួយដល់ជនរងគ្រោះដោយសារទឹកជំនន់។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា យោធាទាំងអស់នៅតំបន់លិចទឹកត្រូវធ្វើការងាររួមគ្នា។ លោកក៏បានថ្លែងអំណរគុណផងដែរចំពោះភ្នាក់ងារផ្សេងៗដែលបានបញ្ជូនព័ត៌មាន ព្រោះនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ការគ្រប់គ្រងទឹកនាពេលអនាគត។ លោកឧត្តមសេនីយ៍ ប្រាយុធ បាននិយាយសំដៅទៅលើម៉ាស់ខ្យល់ត្រជាក់ដែលត្រូវបានគេរំពឹងថានឹងចូលទៅក្នុងប្រទេសថៃពីប្រទេសចិន។ លោកបាននិយាយថា ព័ត៌មានដែលបានរាយការណ៍នៅក្នុងកិច្ចប្រជុំនេះ នឹងអាចឱ្យរដ្ឋាភិបាលចេញវិធានការបឋម និងវិធានការបន្ថែមទៀត ដើម្បីដោះស្រាយស្ថានភាពទឹក។
នៅថ្ងៃទី៤ ខែតុលានេះ លោកឧត្តមសេនីយ៍ ប្រាយុធ នឹងទៅកាន់ខេត្តខនកែនដើម្បីពិនិត្យស្ថានភាពទឹកនៅទីនោះ និងពិនិត្យមុខងាររបស់ម៉ាស៊ីនបូមទឹកសម្ពាធខ្ពស់។ បន្ទាប់មក លោកនឹងធ្វើដំណើរទៅកាន់ខេត្តអ៊ូប៊ុនរ៉ាចាថានី ដើម្បីទៅសួរសុខទុក្ខប្រជាជនដល់ទីជម្រកសម្រាប់ជនរងគ្រោះដោយទឹកជំនន់ និងពិនិត្យមើលផ្ទះដែលត្រូវបានខូចខាតដោយព្យុះ និងទឹកជំនន់។ ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីក៏នឹងពិភាក្សាអំពីការគ្រប់គ្រងទឹកជាមួយស្ថាប័នពាក់ព័ន្ធនានា និងតាមដានការស្តារឡើងវិញនៃអាជីវកម្មក្នុងស្រុកផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន