បរទេស៖ ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ដឺរ លូកាសិនកូ បានប្រកាសថា ដូចគ្នានឹងប្រជាជនបេឡារុស្សជាច្រើនដែរ លោកសូមគាំទ្រចំពោះសកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
លោកបាននិយាយក្នុងអំឡុងពេលនៃកិច្ចពិភាក្សាបើកចំហមួយដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា « រុស្ស៊ីមិនអាចចាញ់បានទេ រុស្ស៊ីមិនអាចរងការបរាជ័យនៅទីនោះទេ។ ហើយខ្ញុំ និងប្រជាជនបេឡារុស្សជាច្រើនទៀតកំពុងគាំទ្រដល់ប្រទេសរុស្ស៊ីនៅក្នុងរឿងនេះ»។
យោងតាមមេដឹកនាំរបស់ប្រទេសបេឡារុស្សរូបនោះបានឱ្យដឹងថា «លោកខាងលិចបានចោទប្រកាន់ប្រទេសរុស្ស៊ីថាជាអ្នកឈ្លានពាន។ ហើយពួកគេក៏បានចោទប្រកាន់យើងផងដែរ។ បើមិនមែនប្រតិបត្តិការយោធាពិសេសដើម្បីការពារនោះទេ នោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតនឹងត្រូវធ្វើឡើងទៅលើប្រទេសបេឡារុសជាមុនហើយ។ ពួកគេត្រូវការអូសទាញយើងចូលទៅក្នុងសង្គ្រាមនេះ»។ យោងតាមទស្សនៈរបស់លោកបានឱ្យដឹងថា «វាមិនមែនជាការរៀបចំរបស់ប្រជាជនជាតិអ៊ុយក្រែនសម្រាប់រឿងនេះនោះទេ។ លោកខាងលិចនឹងបន្តអភិវឌ្ឍស្ថានភាពនេះ នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឱ្យប្រទេសរុស្ស៊ីឱ្យបរាជ័យ»៕
ប្រភព៖ ក្រសួងព័ត៌មាន