បរទេស៖ ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា កងទ័ពរំដោះប្រជាជនចិននឹងចូលរួមក្នុងសមយុទ្ធបញ្ជាការយុទ្ធសាស្ត្រ និងយោធា Vostok ឆ្នាំ២០២២ នៅក្នុងប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី៣០ ខែសីហាដល់ថ្ងៃទី៥ ខែកញ្ញា។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «អនុលោមតាមផែនការប្រចាំឆ្នាំសម្រាប់កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងទ្វេភាគី កងទ័ពរំដោះប្រជាជនចិននឹងធ្វើប្រតិភូកម្ម និងបញ្ជូនផ្នែកខ្លះនៃកងកម្លាំងរបស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ចូលរួមនៅក្នុងសមយុទ្ធ Vostok ឆ្នាំ២០២២។ សមយុទ្ធនេះនឹងរួមចំណែកដល់កិច្ចសហប្រតិបត្តិការមិត្តភាពក្នុងចំណោមកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងអស់ ក៏ដូចជាការបង្កើនកម្រិតនៃអន្តរកម្មយុទ្ធសាស្ត្រដោយភាគីទាំងអស់ និងពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខផ្សេងៗ»។
ក្រសួងការពារជាតិចិនបាននិយាយថា «សមយុទ្ធនោះ គឺមិនទាក់ទងនឹងស្ថានភាពអន្តរជាតិ និងតំបន់នាពេលបច្ចុប្បន្ននេះទេ»។
សមយុទ្ធ និងបញ្ជាការយុទ្ធសាស្ត្រ Vostok ឆ្នាំ២០២២ នឹងធ្វើឡើងក្រោមការបញ្ជារបស់អគ្គសេនាធិការរុស្ស៊ី លោក វ៉ាឡេរី ហ្កេរ៉ាស៊ីម៉ូវ នៅឯកន្លែងហ្វឹកហាត់ចំនួន១៣ នៃស្រុកយោធាភាគខាងកើត។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅពេលមុននេះថា ក្នុងអំឡុងពេលសមយុទ្ធនោះ កងកម្លាំងដែលចូលរួមនឹងអនុវត្តវិធានការដើម្បីរក្សាសន្តិសុខយោធានៅក្នុងតំបន់ភាគខាងកើត៕
ប្រភព៖ ក្រសួងព័ត៌មាន