បរទេស៖ អាជ្ញាធរទីក្រុងបាងកកកំពុងរៀបចំសម្រាប់ការជួសជុលប្រព័ន្ធលូបង្ហូរទឹករបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងគ្រោះទឹកជំនន់នៅក្នុងទីក្រុងនេះ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកាលពីខែកក្កដាដែលដឹកនាំដោយអភិបាលក្រុងបាងកក លោក ឆាដឆាត ស៊ីតទីពុនទ៍ ដោយក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ មានការចូលរួពីបណ្តាមន្ត្រីមកពីស្ថាប័ន និងការិយាល័យនានា ដោយបានពិភាក្សាអំពីដំណោះស្រាយចំពោះការគ្រប់គ្រងទឹកដែលមានសក្តានុពល។
នាយកដ្ឋានប្រព័ន្ធលូ និងការបង្ហូរទឹកដែលស្ថិតក្រោមការគ្រប់គ្រងទីក្រុងបាងកក (BMA) បានរំពឹងទុកថានឹងមានភ្លៀងធ្លាក់ពី ៦០-៨០ភាគរយនៅទូទាំងទីក្រុងក្នុងខែនេះ។
អភិបាលក្រុងបាងកកបានកត់សម្គាល់ថា រាជធានីនេះពឹងផ្អែកជាចម្បងទៅលើប្រឡាយទឹក និងផ្លូវរូងក្រោមដីដើម្បីបង្ហូរទឹកជន់ ដោយគម្រោងផ្លូវរូងក្រោមដីដែលមានស្រាប់ត្រូវបានរចនាដើម្បីគ្រប់គ្រងទឹកប្រហែល ២០០ម៉ែត្រគូបក្នុងមួយនាទី ដែលមានតែ ១០ភាគរយនៃលំហូរទឹកចេញដែលត្រូវការសម្រាប់ការបង្ហូរទឹកប្រកបដោយប្រសិទ្ធភាព។
លោក ឆាដឆាត បានអំពាវនាវសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រឡាយទឹក និងការបង្ហូរទឹកតាមលូ ក៏ដូចជាការងារដើម្បីសម្អាតកំទេចកំទី និងសំរាម ខណៈដែលកំពុងមានការពង្រីកសមត្ថភាពផ្ទុកទឹកក្រោមដី៕
ប្រភព៖ ក្រសួងព័ត៌មាន