សូ​ម្បី​ប្រទេស​កូរ៉េ​ខាងត្បូង​ក៏​ជួប​បញ្ហា​មួយ​នេះ​ដែរ​!!

0

បរទេស​៖ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​របស់​កូរ៉េ​ខាងត្បូង លោក Choo Kyung-ho បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អតិផរណា​អ្នក​ប្រើប្រាស់​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ទំនងជា​នឹង​ឡើង​ដល់​កម្រិត​កំពូល​នៅ​ចុង​ត្រីមាស​ទី​៣ ឬ​ដើម​ត្រីមាស​ទី​៤ ប្រសិនបើ​មិន​មានការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​តម្លៃ​ប្រេង និង​គ្រាប់​ធញ្ញជាតិ​ពិភពលោក​។

តម្លៃ​ទំនិញប្រើប្រាស់​អាច​នឹង​មាន​ស្ថិរភាព​គួរ​ឱ្យ​កត់សម្គាល់​ចាប់ពី​ខែតុលា ប្រសិនបើ​ការ​ប្រមូល​ផល​កសិផល​មិន​ត្រូវ​បាន​រារាំង​ដោយ​ព្យុះ​ទី​ហ្វុ​ង បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក​ប្រមូល​ផល (Chuseok) ដែល​កំណត់​នៅ​ថ្ងៃ​ទី​៩-១២ ខែកញ្ញា​។ នេះ​បើ​យោង​តាម​លោក​រដ្ឋមន្ត្រី​។

លោក Choo បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «​ប្រសិនបើ​តម្លៃ​ប្រេង​បង្ហាញ​ចលនា​ស្រ​ដៀង​គ្នា​ទៅ​នឹង​និន្នាការ​បច្ចុប្បន្ន តម្លៃ​អ្នក​ប្រើប្រាស់​អាច​នឹង​ឡើង​ដល់​កំពូល​មិន​ហួស​ពី​ក្នុង​ខែតុលា​ទេ​»​។

តម្លៃ​អ្នក​ប្រើប្រាស់​បាន​កើនឡើង ៦​ភាគរយ​នៅ​ក្នុង​ខែមិថុនា​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន ដែល​ជា​ការ​កើនឡើង​លឿន​បំផុត​ក្នុង​រយៈពេល​ជិត ២៤​ឆ្នាំ​កន្លង​មក និង​ការ​បង្កើន​ល្បឿន​ពី​ការ​កើនឡើង ៥,៤ ភាគរយ​ក្នុង​មួយ​ឆ្នាំ​កាលពី​ក្នុង​ខែឧសភា​។

អតិផរណា​របស់​ប្រទេស​នេះ​ស្ថិត​នៅ​ក្រោម​សម្ពាធ​កើនឡើង ដោយសារ​តែ​តម្លៃ​ប្រេង និង​ទំនិញ​កើនឡើង ដែល​បណ្តាល​មក​ពី​សង្គ្រាម​ដែល​អូស​បន្លាយពេល​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ ការ​ងើបឡើង​វិញ​នៃ​តម្រូវការ​ពី​ជំងឺ​រាតត្បាត​ក៏​ជំរុញ​ឱ្យ​មាន​អតិផរណា​ផង​ដែរ​។

រដ្ឋាភិបាល​គ្រោង​នឹង​ចេញ​វិធានការ​បន្ថែម​មួយទៀត​ដើម្បី​រក្សា​ស្ថិរភាព​ជីវភាព​រស់​របស់​ប្រជាជន និង​ទប់ស្កាត់​អតិផរណា​នៅ​ខែ​ក្រោយ​មុន​ថ្ងៃ​បុណ្យ​ឈប់​សម្រាប​ប្រមូល​ផល​។

តម្រូវការ​បន្លែ ស៊ុត និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ៗ​ទៀត ជា​ធម្មតា​កើនឡើង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន និង​ថ្ងៃ​បុណ្យ​ប្រមូល​ផល​ចុងឆ្នាំ ខណៈ​ដែល​ប្រជាជន​រៀបចំ​អាហារ​ថ្ងៃ​សម្រាក​សម្រាប់​ការ​ជួបជុំ​គ្រួសារ​។

ទន្ទឹម​នឹង​នេះ​ដែរ លោក Choo បាន​ច្រានចោល​នូវ​ការ​ព្រួយបារម្ភ​ថា អាច​មាន​លំហូរ​ចេញ​នៃ​មូលធន​បរទេស​ដ៏​ធំ ប្រសិនបើ​ការ​រឹត​បន្តឹង​រូបិយ​វត្ថុ​ដ៏​ខ្លាំងក្លា​របស់​ទុនបម្រុង​សហព័ន្ធ​ដែល​បណ្តាល​ឱ្យ​អត្រា​ការ​ប្រាក់​របស់​សហរដ្ឋអាមេរិក​នៅ​ខ្ពស់​ជាង​អត្រា​ការ​ប្រាក់​របស់​កូរ៉េ​ខាងត្បូង​៕

ប្រភព៖ ក្រសួងព័ត៌មាន