បរទេស៖ សេវាកម្មសារព័ត៌មាន Shana នៃក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដែលក្រោយមកត្រូវបានគេរំពឹងថានឹងក្លាយជាការវិនិយោគមួយដែលមានតម្លៃប្រហែល ៤០ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់។
ឯកសារនេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលប្រារព្ធពិធីតាមប្រព័ន្ធអនឡាញកាលពីថ្ងៃអង្គារ ដោយលោក ម៉ូហ៍សេន ខូចេសតេហ៍-មេហ៍ នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ និងលោក វីតាលី ម៉ាកេឡូវ អនុប្រធានគណៈកម្មាធិការគ្រប់គ្រងនៃក្រុមហ៊ុន Gazprom របស់រុស្ស៊ី។
យោងតាមការរាយការណ៍នោះបានឱ្យដឹងថា ការអភិវឌ្ឍន៍នៃតំបន់ឧស្ម័ន Kish និង North Pars របស់អ៊ីរ៉ង់ ក៏ដូចជាកន្លែងប្រេងចំនួនប្រាំមួយ គឺជាការជំរុញសម្ពាធនៅក្នុងតំបន់ឧស្ម័ន South Pars ការបញ្ចប់គម្រោង LNG ការដោះដូរផលិតផលឧស្ម័ន និងប្រេង ព្រមទាំងការសាងសង់បំពង់បង្ហូរឧស្ម័ន ដែលជាចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ផ្សេងៗទៀតដែលបានគូសបញ្ជាក់នៅក្នុងអនុស្សារណៈនៃការយោគយល់គ្នានោះ។
លោក ខូចេសតេហ៍-មេហ៍ ក៏បាននិយាយផងដែរថា ការវិនិយោគដ៏ច្រើនរបស់រុស្ស៊ីនៅក្នុងឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការធានាដល់ការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទៅដល់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអង្គារសម្រាប់ចូលរួមកិច្ចប្រជុំកំពូលជាមួយសមភាគីអ៊ីរ៉ង់ និងតួកគី ស្តីពីជម្លោះស៊ីរី និងកិច្ចប្រជុំទំនាក់ទំនងទ្វេភាគី៕
ប្រភព៖ ក្រសួងព័ត៌មាន