កូរ៉េ​ខាងត្បូង រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​អូ​មី​ក្រុង ដល់​ទៅ​ជាង ៧​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ

0

បរទេស​៖ ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-១៩ របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ហក់​ឡើង​ដល់​ជាង ៧៣ ០០០​នាក់​កាលពី​ថ្ងៃ​អង្គារ ខណៈ​ដែល​ប្រភេទ​រង​នៃ​វីរុស​ប​ម្លែ​ង​ថ្មី​អូ​មី​ក្រុង​ដែល​មាន​កម្រិត​ឆ្លង​ខ្លាំង​កំពុង​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស ចំ​ពេល​ដែល​កំពុង​មានការ​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​។

ទីភ្នាក់ងារ​គ្រប់គ្រង និង​បង្ការ​ជំងឺ​កូរ៉េ (KDCA) បាន​និយាយ​ថា ប្រទេស​នេះ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-១៩ ចំនួន ៧៣ ៥៨២​នាក់ ដោយ​ក្នុង​នោះ​មាន ៣៥១​នាក់​ជា​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស ដែល​នាំ​ឱ្យ​ចំនួន​ករណី​សរុប​កើនឡើង​ដល់ ១៨ ៨៦១ ៥៩៣​នាក់​។ តួលេខ​កាលពី​ថ្ងៃ​អង្គារ​បាន​កើនឡើង​ទ្វេ​ដង​ពី​ចំនួន ១៦ ២៩៩​នាក់​កាលពី​មួយ​ថ្ងៃមុន​។ ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​មាន​ចំនួន ៤១ ៣១០​នាក់​កាលពី​ថ្ងៃ​សៅរ៍ និង ៤០ ៣៤២​នាក់​កាលពី​ថ្ងៃអាទិត្យ​។

ប្រទេស​នេះ​បានឃើញ​នូវ​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៃ​ការ​ឆ្លង​ចាប់ពី​ចុងខែ​មិថុនា​មក ខណៈ​ដែល​វីរុស​ប្រភេទ​រង BA.5 នៃ​វីរុស​ប​ម្លែ​ង​ថ្មី​អូ​មី​ក្រុង​មានការ​ឆ្លង​រាលដាល​ក្នុងអំឡុងពេល​ថ្ងៃ​ឈប់​សម្រាក​រដូវក្តៅ​។ ការ​រាប់​ប្រចាំ​ថ្ងៃ​បាន​កើនឡើង​ដល់​ជាង ១០ ០០០​នាក់​កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ជា​លើក​ដំបូង​ក្នុង​រយៈពេល​ប្រហែល ៣​ស​ប្តា​ហ៍ មុន​ពេល​កើនឡើង​ដល់​ជាង ២០ ០០០​នាក់​កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា និង​បន្ទាប់​មក​មាន​លើស​ពី ៤០ ០០០​នាក់​កាលពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​មុន​។

KDCA បាន​រាយការណ៍​ពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ចំនួន ១២​នាក់​កាលពី​ថ្ងៃ​អង្គារ ដែល​ធ្វើ​ឱ្យ​ចំនួន​ករណី​ស្លាប់​សរុប​មាន ២៤ ៧៦៥​នាក់ ដោយ​អត្រា​មរណភាព​មាន​ចំនួន ០,១៣​ភាគរយ​។ ចំនួន​អ្នកជំងឺ​ធ្ងន់ធ្ងរ​មាន​ចំនួន ៩១​នាក់ ដែល​កើន​ពី​មួយ​ថ្ងៃមុន​ដែល​មាន​ចំនួន ៨១​នាក់​។

គិត​ត្រឹម​ម៉ោង ៩:០០​យប់​ថ្ងៃ​អង្គារ ប្រទេស​នេះ​បាន​រាយការណ៍​នូវ​ករណី​ឆ្លង​ថ្មី​បន្ថែមចំនួន ៧៣ ៣០១​នាក់​ដែល​កើនឡើង​ពី​មួយ​ថ្ងៃមុន​ដែល​មាន​ចំនួន ៧០ ៤៩៧​នាក់​។ នេះ​បើ​យោង​តាម​រដ្ឋាភិបាល​ក្នុង​តំបន់ និង​អាជ្ញាធរ​សុខាភិបាល​។ តួលេខ​កាលពី​ថ្ងៃ​អង្គារ​បាន​កើនឡើង​ជិត​ទ្វេ​ដង​ធៀប​នឹង​រយៈពេល​ដែល​បាន​កត់ត្រា​កាលពី​មួ​យស​ប្តា​ហ៍​មុន​។ ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ត្រូវ​បាន​រាប់​រហូត​ដល់​ពាក់កណ្តាល​អធ្រាត្រ ហើយ​ប្រកាស​នៅ​ព្រឹក​បន្ទាប់​៕

ប្រភព៖ ក្រសួងព័ត៌មាន