បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VNA បានអោយដឹងថាសភាពាណិជ្ជកម្មថៃ (TCC) បានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ពលករចំណាកស្រុកបន្ថែមទៀតក្នុងវិស័យផ្សេងៗ ដើម្បីជួយសេដ្ឋកិច្ចថៃឱ្យងើបឡើងវិញពីជំងឺរាតត្បាត។
អនុប្រធាន TCC លោក ផូច អារ៉ាមវឌ្ឍនានុនត៍ បាននិយាយថា មានតម្រូវការខ្ពស់សម្រាប់ពលករនៅក្នុងវិស័យដែលពឹងផ្អែកទៅលើកម្លាំងពលកម្ម ដូចជាទំនិញកសិកម្ម និងការកែច្នៃម្ហូបអាហារសម្រាប់ការនាំចេញ សំណង់ ទេសចរណ៍ និងសេវាកម្មជាដើម។
ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា កត្តានានាដូចជាបញ្ហានៅក្នុងប្រទេសដើមរបស់ពលករចំណាកស្រុក និងការប្រកួតប្រជែងសម្រាប់ពលករមកពីប្រទេសផ្សេងៗទៀត កំពុងរារាំងដល់ការជ្រើសរើសពលករ ហើយនេះជាហេតុធ្វើឱ្យការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសថៃមានភាពយឺតយ៉ាវ។
អនុប្រធានរូបនេះបានប៉ាន់ប្រមាណថា ព្រះរាជាណាចក្រមួយនេះនឹងត្រូវការពលករចំណាកស្រុកយ៉ាងហោចណាស់ពី ៣លានទៅ ៤លាននាក់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនដើរទៅមុខ។
យោងតាមលោក ភែរ៉ូច ចុតីកាសាធៀន ប្រធាននាយកដ្ឋានការងារនៃក្រសួងការងារថៃបានឱ្យដឹងថា បច្ចុប្បន្ន ប្រទេសថៃមានពលករចំណាកស្រុកចំនួន ២,៥លាននាក់មកពីប្រទេសឡាវ កម្ពុជា និងមីយ៉ាន់ម៉ា។
ដើម្បីដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្ម គណៈរដ្ឋមន្ត្រីបានអនុម័តផែនការគ្រប់គ្រងការងារ ដែលរួមមានការអនុញ្ញាតឱ្យពលករនិយោជិតដែលមានឯកសារអាចស្នាក់នៅរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥។ ពលករដែលមិនមានឯកសារក៏នឹងត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះ និងធ្វើការរហូតដល់កាលបរិច្ឆេទខាងលើដូចគ្នា។ លោកបាននិយាយបន្ថែមថា ជាមួយនឹងផែនការការងារដែលបានធ្វើឱ្យប្រសើរឡើងនេះ និងការមកដល់នៃពលករកាន់តែច្រើនថែមទៀត ប្រទេសថៃអាចនឹងទទួលបានពលករចំណាកស្រុកប្រមាណជិត ៣លាននាក់នៅត្រឹមដំណាច់ឆ្នាំនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន