បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនប្រចាំនៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យបានឱ្យដឹងថា ប្រទេសចិនបានបរិច្ចាគវ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួន ១០លានដូស រួមជាមួយនឹងសឺរ៉ាំងចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួន ១៣លាន និងរថយន្តមន្ទីរពិសោធន៍ចល័តចំនួនពីរដល់ប្រទេសមីយ៉ាន់ម៉ា។
ស្ថានទូតចិនបានប្រគល់សម្ភារៈបរិច្ចាគទាំងនេះទៅឱ្យក្រសួងសុខាភិបាលរបស់ប្រទេសមីយ៉ាន់ម៉ានៅអាកាសយានដ្ឋានអន្តរជាតិយ៉ាំងហ្គោនកាលពីថ្ងៃអាទិត្យ។ វ៉ាក់សាំង និងសឺរ៉ាំងចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដែលបរិច្ចាគដោយប្រទេសចិន បានទៅដល់ប្រទេសមីយ៉ាន់ម៉ាជាក្រុមដាច់ដោយឡែកពីគ្នាចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែឧសភា។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសមីយ៉ាន់ម៉ា លោក ចិន ហៃ បាននិយាយនៅក្នុងពិធីប្រគល់នោះថា ប្រទេសចិនបាននិងកំពុងបន្តផ្តល់ការផ្គត់ផ្គង់វេជ្ជសាស្ត្រដល់ប្រទេសមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយបានជួយដល់ប្រទេសមីយ៉ាន់ម៉ាក្នុងការបំពេញ និងវេចខ្ចប់វ៉ាក់សាំងជំងឺកូវីដ-១៩ ដើម្បីបង្កើនអត្រាចាក់វ៉ាក់សាំងរបស់ប្រទេសនេះ។
លោក ថេត ខាំង វីន រដ្ឋមន្ត្រីក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បានថ្លែងអំណរគុណចំពោះការបរិច្ចាគរបស់ប្រទេសចិននេះ។ លោក ថេត បាននិយាយបន្ថែមថា វ៉ាក់សាំងដែលបានបរិច្ចាគនាពេលបច្ចុប្បន្ននឹងត្រូវប្រើប្រាស់ក្នុងការចាក់ដល់កុមារអាយុចាប់ពី ៥ឆ្នាំដល់ ១២ឆ្នាំ ហើយរថយន្តមន្ទីរពិសោធន៍ចល័តពីរគ្រឿងនោះនឹងត្រូវប្រើប្រាស់នៅតាមច្រកព្រំដែនរបស់ប្រទេស។
លោក ថេត បាននិយាយថា កិច្ចសហប្រតិបត្តិការមិត្តភាពរវាងមីយ៉ាន់ម៉ា និងចិន នឹងរួមចំណែកដល់ការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត ក៏ដូចជាការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ លោក ថេត បាននិយាយបន្ថែមថា ប្រទេសមីយ៉ាន់ម៉ាបានចាក់វ៉ាក់សាំងរួចហើយដល់ប្រជាជនជាង ៩២ភាគរយនៃប្រជាជនពេញវ័យរបស់ខ្លួនដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ៕
ប្រភព៖ ក្រសួងព័ត៌មាន