បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ បានអោយដឹងថានាយក CIA លោក William Burns បានប្រាប់សារព័ត៌មាន Financial Times កាលពីថ្ងៃសៅរ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកមិនបានឃើញ “ភស្តុតាងជាក់ស្តែង” ណាមួយដែលថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមនៅអ៊ុយក្រែននោះទេ។ ខណៈប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ធ្លាប់បានអះអាងថា លោក ពូទីន អាចប្រើប្រាស់អាវុធបែបនេះបាន។
លោក William Burns បាននិយាយនៅឯសន្និសីទនៅទីក្រុង Washington DC ថា “ក្នុងនាមជាសហគមន៍ស៊ើបការណ៍ យើងរកមិនឃើញនៅភស្តុតាងជាក់ស្តែងណាមួយ នៃផែនការរបស់រុស្ស៊ីសម្រាប់ការដាក់ពង្រាយ ឬសូម្បីតែការប្រើប្រាស់អាវុធនុយក្លេអ៊ែររ”។ ក្នុងនោះលោក William Burns បាននិយាយឡើងវិញនូវការវាយតម្លៃស្រដៀងគ្នាដែលគាត់បានធ្វើនៅឯ ដើមខែមេសា។
គួរបញ្ជាក់ថាវិមានក្រឹមឡាំងធ្លាប់បានបញ្ជាក់ថា រុស្ស៊ីនឹងមិនដាក់ពង្រាយអាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួនឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Alexei Zaitsev បាននិយាយកាលពីថ្ងៃសុក្រថា “រុស្ស៊ីគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដែលថាគ្មានអ្នកឈ្នះក្នុងសង្គ្រាមនុយក្លេអ៊ែរ ហើយវាមិនត្រូវបញ្ចេញឱ្យសោះ”៕