បារាំង​សន្យា​ថា នឹង​ផ្តល់​ជំនួយ​យោធា និង​មនុស្សធម៌​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​សន្យា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky ថា ប្រទេស​បារាំង​នឹង “​ពង្រឹង​” ទាំង​ជំនួយ​យោធា និង​មនុស្សធម៌​ដល់ទី​ក្រុង​គៀវ​។​

​វិមាន Elysee បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្នុងអំឡុងពេល​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក បន្ទាប់​ពី​ការ​បោះ​ឆ្នោត​លើក​ទី​២ លោក Zelensky បាន​ថ្លែងអំណរគុណ​ដល់​មេដឹកនាំ​បារាំង​ដែល​បាន​ផ្តល់​ឱ្យ​អ៊ុយ​ក្រែ​ន​នូវ​ឧបករណ៍​យោធា “​សំខាន់​ៗ” ដែល “​បាន​រួមចំណែក​ដល់​ការ​តស៊ូ​របស់​អ៊ុយ​ក្រែ​ន​” ។​

​លោក Macron “​បាន​បង្ហាញ​ថា ការ​គាំទ្រ​នេះ​នឹង​បន្ត​ត្រូវ​បាន​ពង្រឹង​ដូចនឹង​ជំនួយ​មនុស្សធម៌​ដែល​ផ្តល់​ដោយ​ប្រទេស​បារាំង​”​។ ការិយាល័យ​ប្រធានាធិបតី​បាន​កត់​សម្គាល់ថា ប្រទេស​បារាំង​បាន​ផ្តល់​ឱ្យ​អ៊ុយ​ក្រែ​ន​នូវ “​ឧបករណ៍​ជាង ៦១៥​តោន រួម​ទាំង​ឧបករណ៍​វេជ្ជសាស្ត្រ ម៉ាស៊ីនភ្លើង​សម្រាប់​មន្ទីរពេទ្យ អាហារ សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ និង​រថយន្ត​សង្គ្រោះ​បន្ទាន់​”៕