លោក ពូ​ទី​ន បង្ហាញ​នៅ​ទំនុកចិត្ត​ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​រវាង​រុ​ស្ស៊ី និង​អាហ្វ្រិក​ខាងត្បូង

0

បរទេស​៖ វិមាន​ក្រឹម​ឡាំង​បាន​ចេញផ្សាយ​នៅ​លើ​គេហទំព័រ​ខ្លួន​កាលពី​ថ្ងៃ​ពុធ ថា ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​អបអរសាទរ​ដល់​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក ស៊ី​រី​ល រ៉ា​ម៉ា​ផូ​សា នៅ​ក្នុង​ទិវា​សេរីភាព ដោយ​លោក​បាន​កត់សម្គាល់​ពី​ការ​អភិវឌ្ឍ​យ៉ាង​ស្វាហាប់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​កិច្ច​សន្ទនា​នយោបាយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​។

លោក ពូ​ទី​ន បាន​និយាយ​នៅ​ក្នុង​បណ្តាញ​តេ​ឡេ​ក្រាម​ថា «​ទំនាក់ទំនង​រវាង​រុ​ស្ស៊ី និង​អាហ្វ្រិក​ខាងត្បូង​កំពុង​អភិវឌ្ឍ​យ៉ាង​ស្វាហាប់​ក្នុង​ស្មារតី​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​។ យើង​បាន​បង្កើត​កិច្ច​សន្ទនា​នយោបាយ​ដ៏​មាន​អត្ថន័យ និង​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផលិតភាព​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកទេស និង​មនុស្សធម៌​។ ការ​សម្របសម្រួល​កិច្ច​ខិតខំ​ប្រឹងប្រែង​រវាង​ទីក្រុង​មូ​ស្គូ និង​ព្រី​តូ​រី​យ៉ា នៅ​ក្នុង​ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ ក្រុម​ប្រទេស BRICS ក្រុម​ប្រទេស G20 និង​រចនាសម្ព័ន្ធ​ពហុភាគី​ផ្សេង​ៗ​ទៀត​កំពុង​ផ្តល់​លទ្ធផល​ល្អ​ប្រសើរ​។

មេដឹកនាំ​រុ​ស្ស៊ី​បាន​សម្តែង​នូវ​ទំនុកចិត្ត​ក្នុង​ការ​ពង្រីក​បន្ថែម​ទៀត​នៃ​ទំនាក់ទំនង​ដែល​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ទាំង​ពីរ ដោយ​លោក​បាន​កត់​សម្គាល់ថា វា​ឆ្លើយ​តប​ទៅ​នឹង​ផលប្រយោជន៍​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ និង​ស្រប​តាម​ការ​ពង្រឹង​សន្តិសុខ និង​ស្ថេ​រ​ភាព​អន្តរជាតិ​។

ប្រធានាធិបតី​រុ​ស្ស៊ី​បាន​ជូនពរ​សម​ភាគី​អាហ្វ្រិក​ខាងត្បូង​ឱ្យ​មាន​សុខភាព​ល្អ និង​ជោគជ័យ ព្រមទាំង​សុខុមាលភាព និង​វិបុលភាព​ដល់​ពលរដ្ឋ​អាហ្វ្រិក​ខាងត្បូង​ទាំងអស់​៕

ប្រភព៖ ក្រសួងព័ត៌មាន