ប៉ូ​ឡូញ​ចង់អោយ​អា​មេ​រិ​ក បន្ថែម​ទ័ព​មក​ព្រំដែន​ខ្លួន​ជាមួយនឹង​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​មេដឹកនាំ​កំពូល​ប៉ូ​ឡូញ​បាន​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក​បន្ថែម​កងទ័ព​របស់​ខ្លួន​មក​ក្នុង​ទ្វីបអឺរ៉ុប ដើម្បី​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន​របស់​រុ​ស្ស៊ី និង​អនុញ្ញាត​អោយ​ដំឡើង​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​ប៉ូ​ឡូញ​ផង​ដែរ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី Jaroslaw Kaczynski បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាស​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ដោយ​កាសែត​អា​ល្លឺ​ម៉​ង់ Welt am Sonntag ថា “​ប៉ូ​ឡូញ​នឹង​រីករាយ​ប្រសិនបើ​កងទ័ព​អា​មេ​រិ​ក​បង្កើន​វត្តមាន​របស់​ពួក​គេ​នៅ​ក្នុង​ទ្វីបអឺរ៉ុប​ពី​ទាហាន ១០០០០០​នាក់​នា​ពេល​បច្ចុប្បន្ន ទៅ​ជា ១៥០០០០ នាក់​នា​ពេល​អនាគត”​។​

​លោក​ឧបនាយករដ្ឋមន្ត្រី Jaroslaw Kaczynski ដែល​ជា​ប្រធាន​គណបក្ស​នយោបាយ​ដែល​កំពុង​កាន់​អំណាច​របស់​ប្រទេស​ប៉ូ​ឡូញ បាន​និយាយ​ថា ទាហាន ៧៥០០០​នាក់ របស់​វ៉ា​ស៊ី​ន​តោន​នៅ​ក្នុង​ទ្វីបអឺរ៉ុប​គួរតែ​ឈរជើង​ជា​អចិន្ត្រៃយ៍​នៅ​លើ​ភាគ​ខាងកើត​របស់​អង្គការ NATO តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​រុ​ស្ស៊ី​។​

​គួរ​បញ្ជាក់​ថា​ការ​ដាក់​ពង្រាយ​ទាហាន​ទាំងនោះ​នឹង​ជិត​ស្មើរ​ទៅ​នឹង​ទាហាន​អា​មេ​រិ​ក​ដែល​មាន​ចំនួន​ប្រមាណ ៨០០០០​នាក់ ដែល​អា​មេ​រិ​កបាន​ដាក់​អោយ​ឈរជើង​នៅ​អឺរ៉ុប​ទាំងអស់ មុន​ពេល​ដែល​ទីក្រុង​ម៉ូ​ស្គូ​ចាប់ផ្តើម​ការ​វាយលុក​យោធា​ប្រឆាំង​នឹង​អ៊ុយ​ក្រែ​ន​ក្នុង​ខែកុម្ភៈ​៕