សារព័ត៌មាន​ថៃ​ចេញ​មក​បញ្ជាក់​ហើយ​ថា រឿង​នារី​ថៃ​ដែល​ប្រឈម​នឹង​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា ជា​ព័ត៌មាន​មិន​ពិត

0

ភ្នំពេញ៖ កាសែត Thairath នៃ​ព្រះរាជាណាចក្រ​ថៃ កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២២ បាន​ផ្សាយ​ព័ត៌មាន​បញ្ជាក់​ពី​នារី​ថៃ​ម្នាក់​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ថា​ប្រឈម​នឹង​គ្រោះ​ថា្ន​ក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា គឺជា​រឿង​មិន​ពិត​នោះ​ទេ​។

កាសែត Thairath បាន​បន្ថែម​ថា «​ករណី​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ដែល​អះអាង​ថា ត្រូវ​បាន​ជនជាតិ​ចិន បូម​យក​ឈាម​លក់ និង​បម្រុង​វះ​យក​សរីរាង្គ​ទៅ​លក់​នោះ បាន​សារភាព​ប្រាប់​មន្ត្រី​ថៃ​ថា គាត់​បាន​កុហក​ពិតមែន ព្រោះ​ខ្លាច​គ្មាន​អ្នក​ជួយ​គាត់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​»​។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២២ សារព័ត៌មាន Thai Examiner បាន​ផ្សាយ​ថា​មាន​ករណី​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ អះអាង​ថា​ខ្លួន​បាន​ប្រឈម​នឹង​គ្រោះ​ថា្ន​ក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា​។ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើការ​ច្រានចោល​ថា ជា​រឿង​មិន​ពិត​ផង​ដែរ​៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK